(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពន្យល់អំពីការងាររបស់រដ្ឋមន្រ្តីមួយចំនួន ដែលបានអមដំណើរសម្តេចចេញទៅក្រៅប្រទេស ដោយសម្តេចបានបញ្ជាក់ថា រាល់បេសកកម្មក្រៅប្រទេស សម្តេចបានណែនាំមិនឱ្យរដ្ឋមន្រ្តីអង្គុយទៅអមនោះទេ តែត្រូវជួបជាមួយដៃគូវិនិយោគឱ្យបានច្រើន ដើម្បីធ្វើទីផ្សារឱ្យកម្ពុជា។
ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម រសៀលថ្ងៃទី២២ ខែធ្នូ ២០២៣នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត រាល់បេសកកម្មរបស់សម្តេចទៅក្រៅប្រទេសទាំងអស់ គឺតែងតែឆ្លៀត ឆ្លៀតទាក់ម៉ូយក្រៅ ហើយរដ្ឋមន្រ្តីដែលអមសម្តេចទៅក៏មានជំនួបដើម្បីធ្វើទីផ្សារឱ្យកម្ពុជាដូចគ្នា។
សម្តេចបញ្ជាក់ដូច្នេះថា៖ «គាត់ក្រៅពីអមខ្ញុំ គឺជួបជាមួយក្រុមហ៊ុន ឬដៃគូ ជួបផ្ទាល់ជាមួយវិស័យឯកជន ជួបផ្ទាល់ជាមួយរដ្ឋមន្រ្តីដៃគូនីមួយៗ ហើយខ្ញុំបានណែនាំដល់រដ្ឋមន្រ្តីទាំងអស់ ដែលទៅអមខ្ញុំ គឺកុំទៅអង្គុយអមខ្ញុំ ត្រូវឆ្លៀតឱកាសហ្នឹង ធ្វើការផ្ទាល់ជួបផ្ទាល់ទៅ មុននឹងទៅគឺត្រៀមលក្ខណៈដើម្បីធ្វើ ហ្នឹងហើយបុរេសកម្ម»
សម្តេចបានចាត់ទុកថា សកម្មភាពនេះ មិនខុសពីធ្វើទីផ្សារនោះទេ គ្រាន់តែការធ្វើទីផ្សារបែបរដ្ឋ ដែលជំនួបគ្រប់ប្រទេសទាំងអស់ គឺត្រូវ Loby។
« យើងត្រូវតែធ្វើ និងធ្វើឱ្យបានច្រើន មិនធានាថា ជួប១០០គេមកវិនិយោគទាំង១០០ទេ ប៉ុន្តែបើយើងមិនជួបដឹងតែអត់ហើយ ប៉ុន្តែបើជួប បានតែ១០ភាគរយក៏បាន»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចធិបតី។សម្តេចចាត់ទុកថា នេះជាការដើរគោះទ្វារបរទេស៕