(ភ្នំពេញ)៖ លោកស្រី ទិត្យ ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទឈ្មោះ ឃុន វ៉ាន់ដា ភេទស្រី ដែលបានប្រើអំពើហិង្សាលើក្មេងស្រីអាយុ៦ឆ្នាំ នៅសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ ពោលដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ការសម្រេចបែបនេះរបស់តុលាការ បានធ្វើឡើងក្រោយក្រុមគ្រួសារទាំងមូល បានសម្រេចដកពាក្យបណ្តឹង និងម្យ៉ាងទៀតស្រ្តីរូបនេះជាអ្នកចិញ្ចឹមបីបាច់ក្មេងស្រីរងគ្រោះផ្ទាល់ដៃ និងក្មេងតូចៗ៣នាក់ទៀត ក្រោយម្តាយរបស់ពួកគេ បានយកមកផ្ញើ ហើយទទៅធ្វើការនៅឆ្ងាយ។

លោក អ៊ី រិន ដែលជាអ្នកនាំពាក្យ និងជាប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យអ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការឲ្យដឹងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ថា «ជនត្រូវចោទឈ្មោះ ឃុន វ៉ាន់ដា ភេទស្រី ជាប់ចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទាក់ទងទៅនឹងជនរងគ្រោះ (ប្រើអំពើហិង្សាលើក្មេងស្រីអាយុ៦ឆ្នាំ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣០៩K ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ»

របាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២០:០០នាទី នៅចំណុចផ្ទះ៣០៩K ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែ១ បានឃាត់ខ្លួនស្ត្រីរូបនេះ នៅមុខរបរនៅផ្ទះ ក្រោយប្រើហិង្សាលើអនីតិជន។ ក្មេងស្រីរងគ្រោះឈ្មោះ យ ស. វិលីស្សា អាយុ៦ឆាំ្ន មុខរបរជាសិស្សត្រូវជាក្មួយ។

របាយការណ៍សមត្ថកិច្ចបន្ថែមថា ពេលកើតហេតុ ស្រ្តីរូបនេះបានហៅក្មួយទាំង៤នាក់ ហូបបាយជុំគា្ន។ ក្រោយពេលហូបបាយរួច ស្រ្តីខាងលើបានហៅជនរងគ្រោះមករៀន ប៉ុន្តែជនរងគ្រោះមិនមករៀន ធើ្វឱ្យជនសង្ស័យ ខឹងទ្រាំមិនបាន ក៏ទាយដៃជនរងគ្រោះចេញពីផ្ទះមកឈរនៅមុខផ្ទះខាងក្រៅរបងផ្ទះ រួចបានបិទទា្វររបងផ្ទះដើរចូលក្នុងផ្ទះ ចំណែកជនរងគ្រោះស្រែកយំក៏យកដៃវាយទា្វររបងផ្ទះ ធើ្វឱ្យស្រ្តីរូបនេះ ខឹងទ្រាំមិនបានក៏ បើកទា្វរបងផ្ទះយកក្រម៉ា ដែលទុកនៅលើម៉ូតូយកមកធ្វើសកម្មភាពចងជើង ចងដៃជនរងគ្រោះ ឱ្យដេកផ្កាប់មុខទៅនិងដី ហើយជីដូនជនរងគ្រោះចេញពីក្នុងផ្ទះមកអង្គុយពីលើជនរងគ្រោះជួយចងជើង រួចដើរចូលក្នុងផ្ទះវិញបិទទា្វរ របងផ្ទះសកម្មភាពខាងលើនេះ ទើបត្រូវអ្នកជិតខាងឃើញ ក៏ថតវីដេអូបង្ហោះតែម្តង។

ពេលឃើញវីដេអូនៃការប្រើហិង្សាភ្លាម, ម្នាក់ៗមានការខឹងសម្បារយ៉ាងខ្លាំង និងសូមឲ្យសមត្ថកិច្ច តុលាការ ចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះស្រ្តីរូបនេះ ប៉ុន្តែក្រោយការសួរនាំ និងធ្វើការស្រាវជ្រាវទៅ ទើបដឹងថា ស្រ្តីរូបនេះជា អ្នកចិញ្ចឹមក្មេងស្រីរងគ្រោះផ្ទាល់ រួមជាមួយក្មេងតូចៗ៣នាក់ទៀតនៅក្នុងបន្ទុក ក្រោយឪពុកម្តាយរបស់ពួកគេបានយកមកផ្ញើ ហើយទៅធ្វើការនៅឆ្ងាយ។

ម្យ៉ាងទៀតម្តាយក្មេងស្រីរងគ្រោះ ក៏បានដាក់ពាក្យអន្តរាគមន៍ទៅសមត្ថកិច្ចឲ្យដោះលែងបងស្រីរបស់ខ្លួន (ជនសង្ស័យ) ពីព្រោះបងស្រីម្នាក់នេះហើយ ដែលបានមើលថែកូនស្រីរបស់ខ្លួនទាំង៤នាក់រយៈពេល៤ឆ្នាំ។ សម្រាប់ស្រ្តីសង្ស័យក៏ទទួលស្គាល់កំហុស និងបានសន្យាថានឹងមិនធ្វើរឿងបែបនេះកើតឡើងលើកក្រោយទៀតឡើយ សម្រាប់ការប្រៀនប្រដៅក្មួយៗទាំង៤នាក់៕