(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ អ៉ីរ៉ាស្មូស (ERASMUS plus) ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ចូលជួប សំដែងការគួរសម ដើម្បីទទួលអនុសាសន៍ពីលោក សម្រាប់ជាពុទ្ធិបន្ថែមដល់ការសិក្សា ការអភិវឌ្ឍខ្លួន និងជាការលើកទឹកចិត្តដល់និស្សិតទាំងអស់ ដែលត្រូវទៅបន្តការសិក្សានៅក្រៅប្រទេស។
លោក នេត្រ ភក្ត្រា បានផ្តាំទៅក្រុមនិស្សិតថា ត្រូវប្រើប្រាស់ពេលវេលាឲ្យបានច្រើន សិក្សាដកស្រង់បទពិសោធន៍ប្រទេសគេក្នុងកិច្ចការងារ ទ្រឹស្តីជារឿងមួយ ប៉ុន្តែបទពិសោធន៍ជាផ្នែកមួយដ៏សំខាន់ ដែលអាចយកមកអនុវត្តន៍ ការងារបានលឿនសម្រាប់យើង។
លោក ប៉ោ សុមេធា តំណាងនិស្សិតជ័យលាភីអាហារូបករណ៍ អុីរ៉ាស្មូស (ERASMUS plus) ចំនួន៥រូប ត្រូវទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណៈរដ្ឋបារាំង លើមុខជំនាញវិស្វកម្មរូបធាតុ និងគ្រឿងបង្គំ នៅវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រអនុវត ទីក្រុងរ៉ែន។
ក្រុមនិស្សិតទាំងអស់មានជំនឿជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សា នឹងវិលត្រឡប់មកបម្រើជាតិមាតុភូមិ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមជាតិ ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើការចែករំលែកបទពិសោធន៍ខ្លះៗពាក់ពន្ធ័ការសិក្សាស្រាវជ្រាវ និងបរិបទបែបណាខ្លះថាតើត្រូវធ្វើអ្វី នៅពេលបញ្ចប់ការសិក្សា ដើម្បីចូលរួមកសាងប្រទេសជាតិឲ្យបានកាន់តែរីកចំរើន។
លោកបានរំលឹកពីប្រវត្តិសាស្រ្តដែល ប្រទេសកម្ពុជាបានឆ្លងកាត់ជាច្រើនដំណាក់កាលតាំងពីសម័យសង្គ្រាម រហូតដល់ប្រទេសមានសុខ សន្តិភាព។ បើពិនិត្យមើលលើធនធានមនុស្សរបស់កម្ពុជាកាលពីឆ្នាំ១៩៧៩ ស្ថានភាពកាលនោះគឺអ្នកចេះច្រើន បង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកអត់ចេះ គឺពិតជាលំបាក។ ដំណាក់កាលពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គឺជាដំណាក់កាលពង្រឹងខ្លួន កសាងធនធានមនុស្ស ដោយធ្វើយ៉ាងមិចអោយមានអ្នកចេះដឹងច្រើន។
ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ជាដំណកាល នៃការពង្រីកនៃការអភិវឌ្ឈធនធានមនុស្ស។ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ គឺជាដំណាក់កាលនៃការពង្រឹងបរិមាណ និងគុណភាព ដែលនិយាយពីមូលធុនមនុស្ស សំដៅលើមនុស្ស ដែលជាធនធាន មានចំណេះដឹង មានសមត្ថភាព ស្ថាដៃ និងសុខភាព។ ដូច្នេះបើពិនិត្យជារួម ក្នុងដំណើររយៈពេលជាង៤០ឆ្នាំនេះ គឺកម្ពុជាបានកសាងប្រទេសចាប់តាំងពីបាតដៃទទេ ព្រោះអ្នកចេះដឹងដែលមាននៅមុនឆ្នាំ១៩៧៩ ត្រូវបានខ្មែរក្រហមសំលាប់ចោល។
ដោយការខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំប្រទេស រហូតមកដល់ពេលបច្ចុប្បន្ននេះ បានកសាងធនធានមនុស្សបានយ៉ាងច្រើន ប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់ ហើយសម្រាប់បងប្អូនជានិស្សិតដែលត្រូវទៅបន្ត ការសិក្សានៅប្រទេសបារាំង គឺជាធនធានមនុស្សដ៏សំខាន់ដែលត្រូវត្រឡប់មកជួយប្រទេសជាតិខ្លួនវិញ។
ដូចនេះត្រូវប្រើប្រាស់ពេលវេលាឲ្យបានច្រើន សិក្សាដកស្រង់បទពិសោធន៍ប្រទេសគេក្នុងកិច្ចការងារ ទ្រឹស្តីជារឿងមួយ ប៉ុន្តែបទពិសោធន៍ជាផ្នែកមួយដ៏សំខាន់ ដែលអាចយកមកអនុវត្តន៍ការងារបានលឿនសម្រាប់យើង។ នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តោតសំខាន់លើមូលធនមនុស្ស ដោយធ្វើការកែទម្រង់រដ្ឋបាលសាធារណៈ ពង្រឹងប្រសិទ្ធិភាពស្ថាប័ន ការជ្រើសមន្រ្តីប្រកប ដោយគុណាធិបតេយ្យ យកមកបំពេញកិច្ចការងារ និងមានប្រពន្ធ័លើកទឹកចិត្តដល់មន្រ្តី ដើម្បីបង្កើនប្រសិទ្ធភាព ចំណេះដឹង ជំនាញ និងប្រសិទ្ធផលការងារខ្ពស់។
ក្នុងឱកាសនេះដែររដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជូនថវិកាលើកទឹកចិត្តដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទាំង៥រូបផងដែរ៕