(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអះអាងថា លទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ គឺមានភាពសុក្រឹតគ្រប់ដំណាក់កាលទាំងអស់ ទាំងការតាក់តែងវិញ្ញាសា​ ការប្រឡង ការកែ និងការបូកស្រង់ពិន្ទុ ពោលគឺបេក្ខជនដែលជាប់ជាស្ថាពរ គឺមានសមត្ថភាពពិតប្រាកដ ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត។

លោកអះអាងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបញ្ចប់ដំណើរការប្រឡង និងកំណែវិញ្ញាសានៃការប្រឡងប្រជែង ជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។

លោកបានលើកឡើងថា ពិន្ទុរបស់បេក្ខជននីមួយៗដែលចេញមក គឺឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ពួកគាត់ទាំងស្រុង ​ដើម្បីធានាថាការប្រឡងនេះ មានឱកាសស្នើៗគ្នា។

​លោកបានឱ្យដឹងថា ចំពោះវិញ្ញាសាដែលបានដាក់ឱ្យបេក្ខជនប្រឡង គឺតាក់តែងឡើងភ្លាមៗ ពីអ្នកជំនាញដែលមកពីក្រសួងមុខងារសាធារណៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិទ្យាស្ថានជាតិព្រែកលាប សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ចំណែកថ្ងៃប្រឡងវិញ មានការចូលរួម​សង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការសាធារណៈ សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យផ្សេងទៀតចំនួន៨។ ក្រោយបញ្ចប់​ គណៈកម្មការរៀបចំជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ បានបិទខ្ចប់​ឯកសារប្រឡងរបស់បេក្ខជនទាំងអស់ មករក្សាទុកនៅក្នុងសាលរបស់សាលាភូមិន្ទរដ្ឋបាល​ ហើយព្រឹកថ្ងៃទី១៨ ខែធ្នូ ទើបគណៈកម្មការចាប់ផ្តើមកែ​។

លោកបន្ថែមថា នៅក្នុងដំណាក់កាលនៃការកែ គឺមានការពិនិត្យពីអនុគណៈកម្មការចំនួន៣ ខណៈវិញ្ញាសារត្រូវបានកាត់ក្បាល ដោយមិនឱ្យអ្នកកែដឹងថា វិញ្ញាសានោះជារបស់បុគ្គលណាឡើយ។

លោកមានប្រសាសន៍ថា «ទាំងនេះហើយបញ្ជាក់ថា យើងខិតខំប្រឹងប្រែងរៀបចំទៅតាមវិធានការគន្លឹះថ្មី របស់នៃការប្រឡងថ្មី តាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធានាថាការប្រឡងនេះ មានឱកាសស្នើៗគ្នា ផ្អែកទៅលើអ្វីដែលជាមូលដ្ឋាននៃសមត្ថភាព ហើយយុត្តិធម៌ ទទួលយកបានទាំងអស់គ្នា ដែលក្នុងនោះ គឺថ្ងៃនេះយើងអាចនិយាយបានថា យើងនឹងប្រកាសអ្នកដែលបានជាប់ជ័យលាភីហើយ សង្ឃឹមថាដូចអ្វីដែលសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានលើកឡើងឈ្នះដោយមោទភាព បើធ្លាក់គឺធ្លាក់ដោយអស់ចិត្ត»

លោក យក់ ប៊ុនណា ប្រធានអនុគណៈកម្មការកំណែ បានឱ្យដឹងថា ក្នុងការប្រឡងជ្រើសរើសនេះ បានធ្វើឡើងទៅលើវិញ្ញាសា ជំនាញផ្នែកកសិកម្ម ផ្នែកភាសាអង់គ្លេស និងពហុចម្លើយទូទៅ ដើម្បីវាស់ស្ទង់សមត្ថភាពរបស់បេក្ខជន។ ​រីឯការវាយតម្លៃរបស់គណៈកម្មការ ទាល់តែបេក្ខជនទទួលបានពិន្ទុលើសពី៥០% ទើបគណៈកម្មការវាយតម្លៃឱ្យជាប់។

លោកបន្ថែមថា ​ក្នុងដំណាក់កាលនៃការកែ គឺមានភាពសុក្រឹតខ្លាំង ដោយអ្នកកែ គឺជាគ្រូជំនាញ និងមានត្រួតពិនិត្យការកែចំនួន២ដង ជាពិសេសរាល់ការកែមានការត្រួតពិនិត្យ ពីអង្គភាពប្រឆាំងអំពើពុករលួយបន្ថែម។ ចំណែកការស្រង់ពិន្ទុ​ ក៏មានការត្រួតពិនិត្យផ្ទៀងផ្ទាត់ យ៉ាងល្អិតល្អន់ចំនួន៣ដងផងដែរ។

លោក ហ៊ុន ម៉ានី បានថ្លែងថា ឆ្លងកាត់តាមប្រឡងនេះ ​អាចបញ្ជាក់ច្បាស់ថា បេក្ខជនមានសមត្ថភាពជាមូលដ្ឋាន​។ ចំពោះបេក្ខជនដែលជាប់ជាស្ថាពរទាំងនេះ រាជរដ្ឋាភិបាលនឹងនឹងធ្វើការបណ្តុះបណ្តាលបន្ថែម ក្នុងរយៈពេលមួយឆ្នាំ ​ឱ្យពួកគាត់កាន់តែមានជំនាញច្បាស់លាស់ ដើម្បីឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

បើតាមលោកហ៊ុន ម៉ា នី ក្រសួងនឹងជ្រើសរើសបេក្ខជនបំរុងក្នុងមួយស្រុកចំនួន ១០នាក់ ក្នុងករណីដែលបេក្ខជនជាប់ជាស្ថាពរបោះបង់ នឹងដាក់អ្នកបំរុងជំនួស។

លោកបន្តថា «បេក្ខជនដែលបានដាក់ពាក្យប្រឡងសុទ្ធ តែមានឆន្ទៈខ្ពស់ ក្នុងការបំពេញការងារជាមន្រ្តីកសិកម្មឃុំ យើងនឹងនៅជាមួយពួកគាត់ និងលើកទឹកចិត្តពួកគាត់ឱ្យបំពេញបេសកកម្មនេះ ព្រោះនេះ គឺជាកិច្ចការមួយថ្មីសម្រាប់យុវជនកម្ពុជា»

សូមជម្រាបថា លទ្ធផល​នៃប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំឆ្នាំ២០២៣ បេក្ខដែលបានជាប់ជាស្ថាពរចំនួន២៥០រូប ក្នុងនោះស្រ្តី៩៤ រូប៕