(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញប្រកាសព័ត៌មានពាក់ព័ន្ធជនជាតិថៃចំនួន៩នាក់ បានលួចចេញពីកន្លែងធ្វើការមួយនៅក្រុងប៉ោយប៉ែត ចូលទឹកដីថៃវិញ ដោយចោទប្រកាន់ថា ពួកគេបានចាញ់បោកក្រុមធំឲ្យធ្វើការនៅក្នុងកាស៊ីណូខុសច្បាប់។

សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា ក្រោយការចុះស្រាវជ្រាវ និងសួរនាំទើបរកឃើញថា ជនជាតិថៃមួយក្រុមនេះបានលួចរត់ចេញពីក្រុងប៉ោយប៉ែត ចូលទៅទឹកដីថៃវិញដោយខុសច្បាប់ ដោយសារពួកគេបានឈ្លោះប្រកែកគ្នា រួចដុតឆេះបន្ទប់ដេក និងបានប្រើអំពើហិង្សាលើសន្តិសុខពេលចូលឃាត់។ ដោយខ្លាចសមត្ថកិច្ចចាប់ខ្លួនមកអនុវត្តច្បាប់ ទើបពួកគេនាំគ្នារត់គេចខ្លួន លោតផ្លោះរបងបន្លាលួសបណ្តាលឲ្យមានរបួស ហើយបានលួចឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មានសារព័ត៌មានថៃចុះផ្សាយថាជនជាតិថៃចំនួន៩នាក់ បានរត់ឆ្លងដែនចូលទឹកដីថៃ ដើម្បីឲ្យសមត្ថកិច្ចថៃ ជួយសង្គ្រោះកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយពួកគេអះអាងថា ចាញ់បោកក្រុមបងធំនាំឲ្យទៅធ្វើការ នៅក្នុងកាស៊ីណូខុសច្បាប់នៅក្រុងប៉ោយប៉ែត។

ក្រោយពីទទួលព័ត៌មានផ្សព្វផ្សាយនេះ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនតរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយជ័យ បានដឹកនាំសមត្ថកិច្ចចំរុះមានសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថក្រុង និងអាជ្ញាធរក្រុងប៉ោយប៉ែត ចុះដល់អាគារមួយកន្លែងចំណុចអាគារថ្មី ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយបានរកឃើញជនជាតិថៃ១៧នាក់ ស្រី១០នាក់ រួមជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត។

ក្រុមការងារបានចុះត្រួតពិនិត្យកន្លែងកើតហេតុករណីឆេះបន្ទប់ដេកស្នាក់នៅរបស់បុគ្គលិកលេខA7 ស្ថិតក្នុងអគារស្នាក់នៅក្នុងកាស៊ីណូពូលី ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ដែលសង្ស័យពាក់ព័ន្ធនឹងជនជាតិថ ចំនួន៩នាក់ លួចឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមលទ្ធផលស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចជំនាញ និងស្តាប់ការបំភ្លឺរបស់អ្នកពាក់ព័ន្ធជុំវិញរឿងហេតុខាងលើឃើញថា ជនជាតិថៃ៩នាក់ បានឈ្លោះប្រកែកគ្នាដុតឆេះបន្ទប់ដេក និងបានប្រើអំពើ ហិង្សាលើសន្តិសុខពេលចូលឃាត់ ដោយខ្លាចសមត្ថកិច្ចចាប់ខ្លួនមកអនុវត្តច្បាប់ ទើបនាំគ្នារត់គេចខ្លួនលោតផ្លោះរបង បន្លាលួសបណ្តាលអោយមានរបួស ហើយបានលួចឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៣។

ចំពោះការប្រើអំពើហិង្សា និងបង្ខាំងទៅលើជនជាតិថៃ៩នាក់នោះ គឺសមត្ថកិច្ចយើងរកពុំទាន់ឃើញ មានភស្តុតាងពាក់ព័ន្ឋដូចការចោទប្រកាន់របស់សារព័ត៌មានថៃបានចុះផ្សាយនោះទេ៕