(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានស្នើសុំឱ្យភាគីវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ បន្តជួយឧបត្ថម្ភគាំទ្រដល់ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីមានលទ្ធភាពរៀបចំសន្និសីទអន្តរជាតិ ដើម្បីរកធាតុចូលជូន រដ្ឋាភិបាលអាស៊ាន និងសាធារណរដ្ឋកូរ៉េ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េឱ្យកាន់តែស៊ីជម្រៅថែមទៀត។

លោកបណ្ឌិតស្នើសុំបែបនេះ នៅក្នុងពិធីបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៨ ស្តីពី «គំនិតផ្ដួចផ្ដើមសាមគ្គីភាពកូរ៉េ-អាស៊ាន៖ ការស្តារឡើងវិញ នូវការតភ្ជាប់សេដ្ឋកិច្ច-សង្គម» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។

សន្និសីទនេះ ក៏មានការចូលរួមពី លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា, លោក ផាក ជុងផុត ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក ផាក ម៉ឺនគុក (PARK In-Kook) ប្រធានវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ, លោកបណ្ឌិត ខែក វីរៈ នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា​ ព្រមទាំងវាគ្មិនជាតិនិងអន្តរជាតិ និងសិស្សនិស្សិតជាច្រើនរូប។

គោលបំណង សន្និសីទអន្តរជាតិលើកទី១៨នេះ ចំនួន៤គឺ៖

*ទី១៖ ពិនិត្យមើលទិដ្ឋភាពរួមនៃប្រវត្តិទំនាក់ទំនងអាស៊ាន-កូរ៉េក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។

*ទី២៖ ប្រមូលនូវទស្សនទាននានា ដើម្បីជាធាតុចូល ជូនដល់រដ្ឋាភិបាលទាំងពីរកម្ពុជា និងកូរ៉េ ក្នុងការរួមចំណែករឹតចំណង នៃទំនាក់នងរវាងកម្ពុជា និងកូរ៉េឱ្យ កាន់តែមានភាពល្អប្រសើរ ឡើងថែមមួយកម្រិតទៀត។

*ទី៣៖ ពិភាក្សាលើទិដ្ឋភាពរួមនៃទំនាក់ទំនងអាស៊ាន-កូរ៉េនិយាយជារួម និងជាមួយ កម្ពុជានិយាយ ដោយឡែក។

* ទី៤៖ វិភាគនិងវាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា ប្រឈម និងឱកាសព្រមទាំង ការរំពឹងទុកនៃទំនាក់ទំនង អាស៊ាន-សាធារណរដ្ឋកូរ៉េក្នុងបរិបទនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី។

លោកបណ្ឌិត សុខ ទូច បានថ្លែងថា ការរៀបចំសន្និសីទអន្តរជាតិនេះ ជាការផ្តល់ឱកាសសម្រាប់អ្នកស្រាវជ្រាវអាស៊ាន និងអ្នកស្រាវជ្រាវសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការស្វែងយល់គ្នាទៅវិញទៅមក ហើយតាមរយៈការយល់ឃើញត្រឹមត្រូវពីគ្នាទៅវិញទៅមកនេះ វាក៏នឹងពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដើម្បីរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងសងខាងក្នុងការពង្រឹង និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ឱ្យកាន់តែជិតស្និទ្ធ និងទំនាក់ទំនងជាប្រពៃណីរវាងប្រជាជនអាស៊ាន និងសាធារណរដ្ឋកូរ៉េ។

លោកបណ្ឌិត សុខ ទូច បានបន្ដទៀតថា សន្និសីទអន្តរជាតិ ពិតជាមានសារៈសំខាន់ និងមាន់លក្ខណៈវិទ្យាសាស្ត្រ ដែលឆ្លុះបញ្ចាំងពី ស្ថានភាពជាក់ស្តែងនៃកិត្យនុភាពរបស់ប្រទេសកូរ៉េ។ និយាយដោយឡែក ទំនាក់ទំនងរវាងកម្ពុជា និង សាធារណរដ្ឋកូរ៉េ យើងឃើញថា កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្តដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន តែងរក្សាបាននូវទំនាក់ទំនងយ៉ាងល្អរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ។ ប្រទេស ទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១កន្លងទៅ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានក្លាយជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋកូរ៉េ។

នៅក្នុងទិដ្ឋភាពសង្គម និងវប្បធម៌របស់ប្រទេសទាំងពីរ ជាការពិតវប្បធម៌កូរើហាក់បានចាក់ចូលយ៉ាងជ្រៅផងដែរនៅក្នុងសង្គមកម្ពុជា។ ពិសេសស្រទាប់ យុវជនគេតែងសរសើរគ្នាថាស្អាតដូចតួកូរ៉េ យុវជនកម្ពុជាចូលចិត្តស្តាប់និងទស្ស នាក្រុមខេផប (Kpop) ដែលប្រើប្រាស់នូវសម្ភារៈអេឡិចត្រូនិក របស់កូរ៉េ ដូចជា ម៉ាកសាំស៊ុង (Samsung) គ្រឿងសំអាងកូរ៉េ ហើយនៅលើដងផ្លូវមានរថយន្ត សាំងយ៉ុង (SANGYONG) និងហ៊ីយ៉ុនដាយ (HYUNDAI) ជាច្រើន ហើយយុវជនកម្ពុ ជាចូលចិត្តហូបគីមឈី (KIMCHI) ឯស្រាស៊ូជូ ឬស្រាម៉ាកាលី ក៏កំពុងទទួលបាន ការពេញនិយមនៅប្រទេសកម្ពុជាផងដែរ ជាពិសេសក្នុងចំណោមយុវជន។

ជាថ្មីម្តងទៀត លោកបណ្ឌិត សុខ ទូច សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈ កម្មការរៀបចំសន្និសីទ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នពាក់ព័ន្ធដែលបានធ្វើឱ្យសម្រេចនូវលទ្ធផលគួរជាទីមោទនៈនាថ្ងៃនេះ។ ជាទីបញ្ចប់ លោកបណ្ឌិត ក៏សូមជូនពរឱ្យសន្និសីទអន្តរជាតិនេះ ទទួលជោគជ័យក្នុង កិច្ចពិភាក្សាទាំងបីប្រធានបទ និងសូមជូនពរឱ្យមានសុខភាពល្អ មានស្នាមញ ញឹម និងមានក្តីស្រឡាញ់៕