(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន១,២៤៣ប័ណ្ណ នៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង និងបានប្រាប់ឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់គ្នា ត្រូវដាក់ចិត្តដាក់កាយឲ្យអស់ពីបេះដូងបម្រើពលរដ្ឋប្រកបដោយសីលធម៌។

ការចែកប័ណ្ណកម្មសិទ្ធិនេះធ្វើឡើងនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

នាឱកាសនោះ លោកថ្លែងប្រាប់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នាថា ក្នុងអាណត្តិសម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវដាក់ចិត្ត ដាក់កាយឲ្យអស់ពីបេះដូងបម្រើពលរដ្ឋប្រកបដោយសីលធម៌ បើរកឃើញថាមន្ត្រីណាធ្វើបាបប្រជារាស្ត្រ ក្នុងនាមអភិបាលខេត្តនឹងប្រើអភិក្រមកាត់សាច់ស្អុយចោលតែម្ដង។

លោក គង់ សោភ័ណ្ឌ បានកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញដែលបានខិតខំធ្វើការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ជាពិសេសរាល់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ដាច់ខាត់មិនត្រូវទារលុយពីពួកគាត់ឡើយ ហើយអាជ្ញាធរស្រុកត្រូវចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។

លោក សុក កាន់ណារិទ្ធិ ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានបញ្ជាក់ថា បើគិតមកដល់ពេលនេះ ខេត្តបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន២០១លើក ស្មើនឹង២៨៧,៥២០ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២០២នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពីភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង សរុបចំនួន១,២៤៣ប័ណ្ណ។

ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិបានសម្ដែងការត្រេកអរ អរគុណដល់រាជដ្ឋាភិបាល ពិសេសសម្ដេធិបតី ហ៊ុន ម៉ាណែត អរគុណលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត អរគុណលោក សុក កាន់ណារិទ្ធិ ប្រធានមន្ទីរជំនាញ និងអរគុណក្រុមមន្ត្រីទាំងអស់ដែលបានខិតខំចេញប័ណ្ណកម្មសិទ្ធិប្លង់រឹងជូនដល់ពួកគាត់៕