(ព្រៃវែង)៖ ស្ទើរតែពេញមួយឆ្នាំនៃឆ្នាំ២០២៣ ខេត្តព្រៃវៃងបាននាំស្រូវចេញទៅលក់នៅប្រទេសវៀតណាម រួមទាំងស្រូវដែលដឹកឆ្លងកាត់ខេត្តព្រៃវែងផងនោះ គឺមានចំនួនដល់ទៅជាង២លានតោន ដែលស្មើនឹងចំណូលជាង៦០០លានដុល្លារអាមេរិក។

របាយការណ៍នេះត្រូវបានបង្ហាញដោយលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។

លោក អ៊ុក សំណាង បានឲ្យដឹងថា បរិមាណស្រូវនាំចេញក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ សរុបមានចំនួន២,២៥៦,៦២៧តោន (រួមទាំងស្រូវឆ្លងកាត់) ដែលស្មើនឹងចំណូលសរុប៦០០,៨២៥,៣០៦ដុល្លារអាមេរិក។

លោកប្រធានមន្ទីរកសិកម្មបានបង្ហាញតម្លៃស្រូវជាមធ្យម រួមមាន៖
* ស្រូវ IR504-04 តម្លៃ១,៣៥០រៀលក្នុងមួយគីឡូក្រាម
* ស្រូវ OM5451 តម្លៃ១,៣៥០រៀលក្នុងមួយគីឡូក្រាម
* ស្រូវក្រអូបតម្លៃ១,៤២០រៀលក្នុងមួយគីឡូក្រាម។

លោកប្រធានមន្ទីរបានបន្ថែមថា ចំពោះបរិមាណផ្លែស្វាយស្រស់នាំចេញក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ សរុបមានចំនួន៩៥,១១៦តោន (រួមទាំងស្វាយឆ្លងកាត់) តម្លៃផ្លែស្វាយជាមធ្យម៩៤៨រៀលក្នុងមួយគីឡូក្រាម ស្មើនឹងចំណូលសរុប២០,៣២៤,១០៦ដុល្លារ។

លោកបានបញ្ជាក់ថា ខេត្ដព្រៃវែងដោយសារតែស្ថិតនៅតំបន់វាលរាប និងវាលទំនាបត្រើយខាងកើតទន្លេមេគង្គ គឺជាខេត្តមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម ពិសេសដំណាំស្រូវ ដោយមានគ្រួសារប្រជាពលរដ្ឋប្រមាណ៧៨% ជាអ្នកប្រកបរបរកសិកម្មជាចម្បង។ ខេត្តនេះមានផ្ទៃដីដាំដុះសរុបចំនួន៣៣៧,០០០ហិកតា ក្នុងនោះផ្ទៃដីដាំដុះស្រូវវស្សាចំនួន២៥០,០០០ហិកតា ផ្ទៃដីដាំដុះស្រូវប្រាំងចំនួន៧៥,០០០ហិកតា និងផ្ទៃដីដាំដុះដំណាំរួមផ្សំផ្សេងៗចំនួន១២,០០០ហិកតា។

លោកបានបន្តថា ចំពោះការកើនឡើងនូវបរិមាណស្រូវនេះ គឺដោយសារមានការគាំទ្របច្ចេកទេសផលិតកម្មដំណាំស្រូវ រួមផ្សំការរីកលូតលាស់ប្រព័ន្ធធារាសាស្រ្ត ដែលកន្លែងខ្លះផលិតស្រូវ២ដងទៅ៣ដងក្នុងមួយឆ្នាំ។មួយវិញទៀត ការងារផលិតកម្មដំណាំរួមផ្សំ​ក៏មានការរីកចម្រើនគួរឲ្យចាប់អារម្មណ៍ផងដែរ ​ដោយរដ្ឋបាលខេត្តបានបង្កើតឲ្យមានសហគមន៍ផលិតបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត រួមទាំងខេត្តជាប់ព្រំប្រទល់ និងរាជធានីភ្នំពេញផងដែរ ដែលផលិតបន្លែបានសម្រាប់លក់ទៅកាន់ទីផ្សារប្រមាណពី១៥ទៅ២០តោនក្នុង១ថ្ងៃផងដែរ​៕