(ភ្នំពេញ)៖ វគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ប្រភេទនីវ៉ាឡ័រ លើគម្រោងទ្វេភាគីកម្ពុជា-ជប៉ុន រយៈពេល៤សប្តាហ៍លើទឹកដីកម្ពុជា ត្រូវបានបិទបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
ពិធីនេះ ធ្វើឡើងក្រោមវត្តមាន ឧត្តមសេនីយ៍ឯក តន់ សាលី អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព រួមជាមួយវត្តមានលោក Taninai Ichimoto តតំណាងឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងលោកស្រី Matsuzawa Tomoko នាយកកិច្ចសហប្រតិបត្តិការការពារតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ផ្នែកគោលនយោបាយថ្នាក់តំបន់ នៃការិយាល័យគោលនយោបាយការពារជាតិ នៃក្រសួងការពារជាតិជប៉ុន។
លំហាត់ហ្វឹកហ្វឺនគម្រោងទ្វេភាគី កម្ពុជា-ជប៉ុន លើជំនាញបញ្ជា និងប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ប្រភេទនីវ៉ាឡ័រ មានរយៈពេល៤សប្តាហ៍ ដោយមានសិក្ខាកាមចូលរួមចំនួន១៨នាក់។ វគ្គហ្វឹកហ្វឺននេះ បានផ្តល់ការបណ្តុះបណ្តាលដល់កងកម្លាំងមួកខៀវកម្ពុជា ក្នុងការប្រើប្រាស់គ្រឿងចក្រ រួមទាំងអភិវឌ្ឍសមត្ថភាពឱ្យក្លាយជាគ្រូបង្គោល ដើម្បីធានាដល់ការចូលរួមប្រតិបត្តិការរក្សាសន្តិភាព ប្រកបដោយប្រសិទ្ធភាព គុណភាព និងធានាបាននូវសមត្ថភាពខ្ពស់។
តាងនាមក្រសួងការពារជាតិជប៉ុន លោកស្រី Matsuzawa Tomoko បានថ្លែងអំណរគុណដល់កម្ពុជា ដែលផ្តល់នូវកិច្ចសហការគាំទ្រយ៉ាងធំធេងក្នុងការអនុវត្តគម្រោងនេះ។
លោកស្រីបន្តថា គម្រោងនេះត្រូវបានអនុវត្តដើម្បីគាំទ្រ ដល់ការបញ្ជូនកងកម្លាំងកម្ពុជា ទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ លើសពីនេះ នាពេលខាងមុខ ក្រសួងការពារជាតិ និងកងស្វ័យការពារជាតិជប៉ុន នឹងបន្តរក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយកម្ពុជា ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានោះ លោក Taninai Ichimoto បានរម្លឹកថា កម្ពុជាជាប្រទេសទី១ ដែលជប៉ុនបានបញ្ជូនកងកម្លាំងមកបំពេញបេសកកម្មរក្សាសន្តិភាព ហើយនេះជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ គិតមកដល់ពេលនេះ មានរយៈពេល៣១ឆ្នាំទៅហើយ ប្រទេសកម្ពុជា មានការអភិវឌ្ឍសេដ្ឋកិច្ចជាខ្លាំង។
លោកស្ញើចសរសើចំពោះភាពហ្មត់ចត់របស់សិក្ខាកាមកម្ពុជា ដែលខិតខំប្រឹងប្រែងបញ្ជាគ្រឿងចក្រ ដែលត្រូវការបច្ចេកទេសខ្ពស់ ជាមួយការចង្អុលបង្ហាញពីយោធាចារ្យជប៉ុន។ តាមរយៈគម្រោងនេះ លោក Taninai Ichimoto ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំបន្ថែមទៀត។
ឧត្តមសេនីយ៍ឯក តន់ សាលី បានលើកឡើងថា វគ្គសិក្សាដែលបានបញ្ចប់នៅពេលនេះ ជាមោទកភាពមួយបន្ថែមទៀតសម្រាប់មាតុភូមិយើង និងជាប្រទីបមួយបំភ្លឺផ្លូវដល់សិក្ខាកាមកម្ពុជា ដោយនាំមកនូវចំណេះដឹង ចំណេះធ្វើកាន់តែល្អប្រសើរបន្ថែមទៀត។
ឧត្តមសេនីយ៍ឯក ថ្លែងអំណរគុណ ជូនចំពោះយោធាចារ្យទាំងអស់ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួនមកជួយបង្វឹក និងបញ្រ្ជាបធាតុចូលសំខាន់ៗដល់សិក្ខាកាមទាំងអស់ និងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានខិតខំផ្តួចផ្តើមឱ្យមានវគ្គហ្វឹកហ្វឺនដ៏មានសារសំខាន់នាពេលនេះ ជាពិសេសដើម្បីឈានដល់ការធ្វើជាម្ចាស់ផ្ទះលើគម្រោងត្រីភាគី (ជប៉ុន អ.ស.ប និងកម្ពុជា) ស្តីពីការហ្វឹកហ្វឺនប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ឆ្នាំ២០២៤ ដែលគម្រោងនេះ គឺជាគំនិតផ្តួចផ្តើមរបស់ លោក Shinzo ABE អតីតនាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន៕