(ភ្នំពេញ)៖ កំណាត់ផ្លូវ២៧១ ត្រូវបានបិទទាំងស្រុងមួយចំហៀង រយៈពេល៦ថ្ងៃ ដោយចាប់ផ្តើមពី​ព្រឹកថ្ងៃទី២៤​នេះ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ដើម្បីរៀបចំបំពង់បូមទឹក នៅការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកបឹងត្របែក។ នេះបើតាមការផ្សព្វផ្សាយសាលារាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបិទផ្លូវនេះគឺធ្វើឡើងទាំងយប់ ទាំងថ្ងៃ ព្រោះថា​ ក្នុងរយៈពេលនេះ លើទីតាំងការដ្ឋាន នឹងបង្រួមខ្សែគន្លងចរាចរផ្លូវ ចំណុចឆ្លងកាត់ ដោយអនុញាតឲ្យយានយន្ត ធ្វើចរាចរ១ខ្សែប៉ុណ្ណោះ ​ហើយកំណាត់ផ្លូវនេះនឹងមានការស្ទះចរាចរជាមិនខាន។ ក្នុងនោះដែរសាលារាជធានីភ្នំពេញ ក៏បានសុំការយោគយល់អធ្យាស្រ័យ និងស្នើឱ្យប្រជាពលរដ្ឋ ពង្វាងចរាចរចេញពីទីតាំងនេះ ដោយអនុគ្រោះ ហើយផុតរយៈពេល​កំណត់ ផ្លូវនេះនឹងដាក់ឲ្យធ្វើចរាចរជាធម្មតាវិញ។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថា ស្ថានីយ៍បឹងត្របែកថ្មី នឹងអាចដាក់ឲ្យដំណើរការសាកល្បង នៅថ្ងៃទី​៧ ខែកញា ឆ្នាំ២០១៦ខាងមុខ ជាមួយសមត្ថភាពបូមទឹក ១៨ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយការលិចលង់ ដោយទឹកភ្លៀងនៅខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌដូនពេញ បានមួយកម្រិតបន្ថែមទៀត៕