(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានថ្លែងដាក់ទិសដៅអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្ម សម្រាប់តំបន់។

ដើម្បីជួយឱ្យឈានដល់ការសម្រេចទិសដៅនេះ សម្តេចនាយករដ្ឋមន្ត្រីបានស្នើឱ្យរាជរដ្ឋាភិបាលជប៉ុន សហការជួយកម្ពុជា ក្នុងការរៀបចំផែនការមេ និងលើកទឹកចិត្តវិស័យឯកជនជប៉ុន ជំរុញធ្វើឱ្យអភិវឌ្ឍកំពង់ផែព្រះសីហនុ ក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់។

ការស្នើនេះធ្វើឡើងក្នុងឱកាស សម្តេចអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ២៤៣លានដុល្លារ នាព្រឹកថ្ងៃទី២២ ខែធ្នូ ២០២៣។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំឱ្យឯកឧត្តមអនុរដ្ឋមន្ត្រី ក៏ដូចជាឯកឧត្តមឯកអគ្គរាជទូតជប៉ុន ដើម្បីជួយលើកទឹកចិត្ត និងជំរុញស្ថាប័ន្ធពាក់ព័ន្ធរបស់ជប៉ុនជាពិសេស JICA ដើម្បីធ្វើការពិភាក្សាជាមួយកម្ពុជា ដែលមានឯកឧត្តម ស៊ុន ចាន់ថុល ជាប្រធានក្រុម (Leader Team) ក្នុងការពិភាក្សាគ្នារៀបចំផែនការមេ ដើម្បីប្រែក្លាយកន្លែងនេះ [កំពង់ផែព្រះសីហនុ] ទៅជាមជ្ឈមណ្ឌលភស្តុភាកម្ម សម្រាប់តំបន់។ រៀបចំផែនការមេ និងលើកទឹកចិត្តដល់វិស័យឯកជន ដើម្បីចូលរួមជាដៃគូគន្លឹះរបស់យើង ក្នុងពង្រីកលទ្ធភាពនៅទីនេះ»។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យមានការគិតគូរ ដល់ការរៀបចំទីតាំងបន្ថែមទៀត ដើម្បីត្រៀមពង្រីកវិសាលភាពឱ្យកាន់តែធំ ព្រោះការបង្កើតឱ្យមានមជ្ឈមណ្ឌលភស្តុភាកម្មសម្រាប់តំបន់ គឺត្រូវការទីតាំងធំទូលាយ។

សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាង​សំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់​ប្រទេស​ជាតិ។ ទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ គឺមានការកើនឡើង​គួរឱ្យកត់​សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។

ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់មានចំនួន​ជាង ៧លានតោន កើនឡើង ១១,៣៤ភាគរយ និងចំណូលអាជីវកម្មសរុបមាន​ចំនួនជាង ៨៥លានដុល្លារ កើនឡើង ២,៧១ភាគរយ បើធៀបនឹង​រយៈពេលដូចគ្នាឆ្នាំ២០២២។

បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបជាង ៧៥ម៉ឺនTEUs ដោយមានកំណើនជាមធ្យម ១០,៨៣ភាគរយក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២។

សម្រាប់ការសាង​សង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ដែលត្រូវបើកការដ្ឋាននៅថ្ងៃនេះ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅ​ទឹក​សាងសង់ ១៤,៥ម៉ែត្រ។ ផែកុងតឺន័រនេះ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រ​មាន​ចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូន​នៅ​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹ​ង​បង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។

បន្ទាប់ពីបញ្ចប់ការសាងសង់ក្នុងជំហានទី១ ហើយនោះ រាជរដ្ឋាភិបាលគ្រោងពង្រីកការសាងសង់ក្នុងជំហានទី២ និងទី៣បន្ថែមទៀត។ ជំហានទី២ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១២ម៉ឺនតោន ឬស្មើនឹង ១ម៉ឺន TEUs មានផ្លូវដឹកជញ្ចូននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុប​រហូតដល់ប្រមាណជាង ១,៨លានTEUs ក្នុងមួយឆ្នាំ។

ជំហានទី៣ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១៦ម៉ឺនតោន ឬស្មើ​នឹង ១៥ពាន់TEUs ដែលមានផ្លូវដឹកជញ្ជូន ក្នុងតំបន់អឺរ៉ុប អាមេរិក និង​ទូ​ទាំង​​ពិភពលោក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយពុំចាំបាច់​ឆ្លង​កាត់​បណ្តាកំពង់ផែផ្សេងៗ នៅក្នុងតំបន់ទៀតទេ។ ចំណតផែកុងតឺន័រនេះ នឹងបង្កើនសមត្ថភាពកំពង់ផែសរុបរហូតដល់ប្រមាណ ២,៥លាន TEUs ក្នុងមួយឆ្នាំ។

ប្រទេសជប៉ុន បានរួមចំណែកយ៉ាងច្រើន ក្នុងការអភិវឌ្ឍ និងការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ពិសេសជួយដល់អភិវឌ្ឍកំពង់ផែព្រះសីហនុ៕