(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ននេះកំពង់ផែនៅកម្ពុជា មានសមត្ថភាពទទួលនាវាក្នុងតំបន់បានត្រឹមតែ ១៨ភាគរយប៉ុណ្ណោះ មិនអាចទទួលកប៉ាល់ធំៗបាននោះទេ តែនៅពេលសាងសង់កំពង់ផែទឹកជ្រៅជំហានទី១ រួចរាល់ ផែនៅកម្ពុជានឹងមានសមត្ថភាពទទួលកប៉ាល់ធំៗ ហើយក៏អាចទទួលកុងតឺន័រ បានរហូតដល់ទៅ ៩៣ភាគរយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ដែលមានតម្លៃ ២៤៣លានដុល្លារ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូនេះថា «យើងកាន់តែពង្រីកតទៅទៀត ហើយសក្ដានុពលបច្ចុប្បន្នយើង ១១.៥ម៉ែត្រ ចឹងកប៉ាល់ដែលចូលមកយើងបានតែ ១៨%ទេ ឧទាហរណ៍ថា ១០០កប៉ាល់ដឹកទំនិញមកស្រុកខ្មែរ មានតែ ១៨កប៉ាល់ទេ ដែលដឹកទំនិញចូលមកក្នុងសាង ក្រៅពីនឹងចេញទៅសាងនៅក្រៅទាំងអស់ កន្លែងខ្លះគឺគេដឹកទៅប្រទេសផ្សេង ហើយលើកពីប្រទេសផ្សេងតាមកប៉ាល់តូចមកយើង ចឹងបានថាកប៉ាល់ធំៗ ពីអាមេរិក ពីអឺរ៉ុប ត្រូវចូលមកយើងគេមិនមកទេ គេរំលង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ឥលូហេតុអីបានជាយើងត្រូវពង្រីក ដែលមិនគ្រាន់តែថែមកន្លែងចតកប៉ាល់នោះទេ ត្រូវជីកបន្ថែមទៀត ហើយជំហានទី១នេះ យើងជីកដល់ ១៤.៥ម៉ែត្រ ចឹងនៅពេលជីករួច កប៉ាល់ ៦ម៉ឺនតោនអាចចូលមកយើងបាន ហើយកប៉ាល់នេះអាចដឹកកុងតឺន័រ ៦ម៉ែត្រ បាន ៤ពាន់កុងតឺន័រ ហើយនៅពេលដែលកប៉ាល់កម្រិតនេះអាចចូលដល់យើងបាន ចឹងពេលដែលយើងធ្វើហើយនៅឆ្នាំ២០២៦ ក្នុងកប៉ាល់១០០ អាចដឹកមកយើងបាន ៩៣កប៉ាល់ចូលដល់ ហើយសល់តែ ៧ទេ នៅក្រៅ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលដែលគេត្រូវចតសាងកប៉ាល់ គឺខាតពេលវេលា ខាតលុយ ហើយបើគេជៀសបានគេនឹងមិនមកយើងទេ គេអាចទៅរកផែណាដែលគេអាចដឹកដល់តែម្តង ដូចនេះបើកប៉ាល់ធំៗគេមិនមកយើង យើងនឹងខាត។ នៅពេលសាងសង់ផែទឹកជ្រៅជំហានទី១រួច កប៉ាល់ធំៗគឺអាចចូលមកដល់យើងបានតែម្តង នឹងអាចដាក់ទំនិញចុះដោយមិនចាំបាច់សាងនឹងបង់លុយទៅកន្លែងផ្សេង នោះកប៉ាល់នឹងដឹកមកដល់យើងកាន់តែច្រើន នឹងធ្វើឱ្យថ្លៃដឹកជញ្ជូនកាន់តែចុះថយផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមដែរថា បើតាមរបាយការរបស់លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ ឥលូវនេះក្នុងមួយកុងតឺន័រថ្លៃដឹកជញ្ជូនជិត ៧០០$ តែនៅពេលដែលសាងសង់ផែទឹកជ្រៅជំហានទី១នេះរួចរាល់ នឹងកាត់បន្ថយក្នុងមួយកុងតឺន័រជាង ២០០$ ដើម្បីឱ្យគេដឹកទំនិញបានចូលមកដល់ផែទឹកជ្រៅមួយនេះបានកាន់តែច្រើន តាមរយៈថ្លៃដឹកជញ្ជូនមកកម្ពុជាកាន់តែមានតម្លៃថោក៕