(ព្រះសីហនុ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ត្រឹមរយៈពេលប៉ុន្មានខែ ឆ្នាំ២០២៣ នៃផ្តើមអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្តេចបានចូលរួមសម្ពោធសមិទ្ធផល និងបើកការដ្ឋានសាងសង់សមិទ្ធផលជាច្រើន ក្រោមការគាំទ្រថវិកាពីជប៉ុន។ ចំណុចនេះជាសមិទ្ធផលកើតចេញពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា-ជប៉ុន ជាពិសេសអបអរសាទរខួប៧០ឆ្នាំ ទំនាក់ទំនងប្រទេសទាំងពីរ។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសសម្តេច បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាង សង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយសាងសង់ផែ និងផ្តល់គ្រឿងចក្រលើកដាក់ទំនិញ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សម្រាប់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលឡូជីស្ទិកតំបន់។

នាឱកាសនោះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានរំលឹកថា កាលពីមួយខែមុនសម្តេចបានណែនាំឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឧបនាយករដ្ឋមន្ត្រី អូន ព័ន្ទមុនីរ័ត្ន រៀបចំបើកការដ្ឋានសាងសង់ផែនេះឱ្យបានក្នុងឆ្នាំ២០២៣។ ខណៈកិច្ចខិតខំប្រឹងប្រែងនេះបើកការដ្ឋានដូចការគ្រោងទុករៀបចំទៅតាមការគ្រោងទុក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងប៉ុន្មានខែនេះយើងសម្ពោធសមិទ្ធផលរួមគ្នាជាច្រើន ហើយនេះជានិមិត្តរូបនៃស្ថានការណ៍ អបអរសាទរនូវខួបទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន រីកចម្រើនពូនជ្រំនូវទំនាក់ទំនងដោយលេចចេញនូវផ្លែផ្កានៅលើដីសម្រាប់ប្រទេសទាំងពីរ និងប្រជាជនទាំងពីរ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ថ្មីៗនេះនៅទីក្រុងតូក្យូ សម្តេចបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន នៅពេលដែលសម្តេចបានចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ខួបទី ៥០ឆ្នាំ រវាងអាស៊ាន និងជប៉ុន ដោយជជែកពីការពង្រឹកចំណងទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងជប៉ុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣ គឺមានលក្ខណៈពិសេសចំនួន២ ទី១៖ ការប្រារព្ធខួបទំនាក់ទំនងការទូត៧០ឆ្នាំ រវាងកម្ពុជា និងជប៉ុន និងលក្ខណៈពិសេសទី២៖ គឺប្រទេសទាំងពីរបានលើកកម្រិតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ប្រទេសជប៉ុន បានរួមចំណែកយ៉ាងច្រើន ក្នុងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕