(បន្ទាយមានជ័យ)៖ ជនជាតិថៃប្រុសស្រី៦នាក់ ដែលមកស្នាក់នៅក្រុងប៉ោយប៉ែត បានជក់ និងលក់ថ្នាំញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលការិយាល័យបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួន និងដកហូតថ្នាំញៀនបានមួយចំនួនធំ។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្នុងបុរីធីធី នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលបានឲ្យដឹងថា ការឃាត់ខ្លួនជនជាតិថៃទាំង៦នាក់ បានធ្វើឡើងក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យមន្ត្រីជំនាញត្រូវចុះបង្ក្រាបគ្រឿងញៀនឲ្យអស់ក្នុងខេត្តបន្ទាយមានជ័យនេះ មិនថាជក់ និងលក់នោះទេ។ ក្រោយទទួលបានបទបញ្ជានេះ កម្លាំងជំនាញបានធ្វើការស៊ើបអង្កេត រហូតឈានដល់ឃាត់ខ្លួនអ្នកជក់ និងលក់ថ្នាំញៀនបានចំនួន៦នាក់ ហើយនាំយកមកអធិការក្រុងប៉ោយប៉ែតដើម្បីសួរនាំ។

ក្រោយការចាប់ខ្លួន សមត្ថកិច្ចជំនាញបានដកហូតបានវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមសថ្លាចំនួន ៦ថង់ ថ្នាំគ្រាប់ ចំនួន២៩ថង់ ថ្នាំគ្រាប់ wy ចំនួន៧ថង់ ថ្នាំគ្រាប់ fifi ចំនួន៣៥បន្ទះ ថ្នាំកញ្ចប់(ថ្នាំសប្បាយ) ចំនួន ៤៩កញ្ចប់ ជញ្ជីងចំនួន២ ៧.ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងមានការសម្របសម្រួលនិតីវិធីពីលោក លឹម ប៊ុនសុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ, កម្លាំងនគរបាលជំនាញ បានបញ្ជូនជនសង្ស័យទាំង៦នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួនាំ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕