(បន្ទាយមានជ័យ)៖ ក្រុមការងារក្រសួងអធិការកិច្ច ដឹកនាំដោយលោក ប៊ូ បូរិន អគ្គនាយករង នៃក្រសួងអធិការកិច្ច នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានចុះធ្វើអធិការកិច្ចលើការងារអនុវត្តតួនាទី ភារកិច្ចការគ្រប់គ្រងសេវាសាធារណៈ និងការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ នៅស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ។

ពិធីនេះ មានការចូលរួមបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ជាស្នងការរង លោក លោកស្រី នាយការិយាល័យទាំង៣១ ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជួបសំណេះសំណាល និងទទួលស្វាគមន៍គណៈប្រតិភូ និងជម្រាបជូនជុំវិញសភាពការណ៍សន្តិសុខ និងលទ្ធផលកិច្ចសហប្រតិបត្តិការ និងកម្លាំងនគរបាលនៅតាមមូលដ្ឋាន បានសហការជាមួយអាជ្ញាធរនិងកម្លាំងពាក់ព័ន្ធជានិច្ច។

លោក ប៊ូ បូរិន បានឱ្យដឹងថា យោងលិខិតបញ្ជាបេសសកម្មដែលចេញដោយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានចាត់តាំងគណៈប្រតិភូ០១ក្រុម ចុះធ្វើអធិការកិច្ចការងារក្នុងខេត្តបន្ទាយមានជ័យ គឺនៅរដ្ឋបាលខេត្ត, រដ្ឋបាលក្រុង-ស្រុក , សាលាដំបូងខេត្ត, ពន្ធនាគារ, ស្នងការដ្ឋាននគរបាល, អធិការដ្ឋាននគរបាលក្រុងស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត អង្គភាពក្រោមឱវាទ អង្គភាពពាក់ព័ន្ធ ក្នុងការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ។

ការចុះធ្វើអធិការកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មាន៤ចំណុច រួមមាន ១៖ ការងារអនុវត្តតួនាទីភារកិច្ច, ២៖ ការគ្រប់គ្រងសេវាសាធារណៈ, ទី៣៖ ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ,ទី៤៖ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ។

ជាមួយគ្នានេះ លោក ប៊ូ បូរិន បានថ្លែងអំណរគុណលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលបានអនុញ្ញាតឲ្យក្រុមការងារចុះមកធ្វើការនៅស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសុំកិច្ចសហការនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕