(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៦៤៩២គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ៤៥១គ្រឿង និងរថយន្ត ៤១គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១០,១០៦គ្រឿង ក្នុងនោះមានម៉ូតូ ៨,៧៧៦គ្រឿង និងរថយន្តគ្រប់ប្រភេទ ១,៣៣០គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក បើករក្រោមសារធាតុញៀន កែច្នៃ អត់បណ្ណបើករ ស្លាកលេខ និងល្មើសភ្លើង-ផ្លាកសញ្ញាជាដើម។ ដោយឡែករថយន្តរួមមាន៖ ស្រវឹង​ អត់បណ្ណបើកបរ ឆៀក ល្មើសភ្លើង-ផ្លាកសញ្ញា និងល្មើសល្បឿនជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១៦លើក ក្នុងនោះអ្នកស្លាប់ចំនួន ១១នាក់ របួសចំនួន ២០នាក់ (របួសធ្ងន់ចំនួន ១១នាក់)។ រយៈពេល ២១ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២១៣លើក បណ្ដាលឱ្យមនុស្សស្លាប់ ១០៨នាក់ របួស ៣២៦នាក់ (របួសធ្ងន់ ១៧៧នាក់)៕