(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាព រវាងខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា និងស្រុក Yangpyeong ខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ សម្រាប់គម្រោងលើវិស័យកសិកម្ម ពោលគឺផ្តោតសំខាន់លើការបញ្ជូនពលករ ក្នុងខេត្តពោធិ៍សាត់ ទៅធ្វើការតាមរដូវកាល នៅសាធារណរដ្ឋកូរ៉េ។

ពិធីនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំVideo Conference សាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត, លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក JEON JIN SEON អភិបាលស្រុក Yangpyeong ខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និងប្រតិភូកូរ៉េមួយចំនួនទៀត។

លោក JEON JIN SEON អភិបាលស្រុក Yangpyeong ខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ក៏បានជម្រាបជូន អំពីវត្ថុបំណងចំពោះកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាព រវាងខេត្ត-ស្រុកទាំងពីរ លើវិស័យកសិកម្ម ពោលគឺការបញ្ជូនពលករក្នុងខេត្តពោធិ៍សាត់ ទៅធ្វើការតាមរដូវកាល នៅស្រុក Yangpyeong ខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ។ លោកបានគូសបញ្ជាក់ថា សាធារណៈរដ្ឋកូរ៉េ និងខេត្តពោធិ៍សាត់ នឹងកសាងប្រព័ន្ធសហការតម្រង់ទិសទៅអនាគត តាមរយៈភាពសុខដុមរមនាមិត្តភាព ដោយផ្អែកលើការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក លើវិស័យកសិកម្ម ដោយដាក់ចូលនូវកិច្ចព្រមព្រៀង សម្រាប់ការអភិវឌ្ឍន៍រួមគ្នា និងវិបុលភាពនៃស្រុកក្រុង នៃខេត្តទាំងពីរ រួមមាន៖
ទី១-ចែករំលែក និងប្រើប្រាស់ធនធាន នៃតំបន់ទាំងពីរ ឱ្យបានច្រើនតាមតែអាចធ្វើទៅបាន និងសហការគ្នា ដើម្បីលើកកម្ពស់ការប្រកួតប្រជែងផ្នែកកសិកម្ម និងបង្កើនប្រាក់ចំណូលកសិកម្ម។
ទី២-ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម លើការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរព័ត៌មានចាំបាច់ សម្រាប់ការអភិវឌ្ឍន៍កសិកម្ម និងជនបទ, ផ្តល់ភាពងាយស្រួល សម្រាប់ការផ្លាស់ប្តូរបច្ចេកវិទ្យាកសិកម្ម, ទស្សនកិច្ច និងបណ្តុះបណ្តាល ដល់អ្នកពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរ និងសហការបច្ចេកវិទ្យាកសិកម្ម។
ទី៣-រួមចំណែកដល់ការអភិវឌ្ឍន៍តំបន់ទាំងពីរ ដោយបន្តធ្វើការលើបញ្ហាដែលមានផលប្រយោជន៍រួម ដូចជាការអនុវត្តកម្មវិធីអភិវឌ្ឍន៍រួមគ្នាឱ្យបានរហ័ស។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងគាំទ្រ ដោយប្តេជ្ញាខិតខំជម្រុញកិច្ចសហការ លើប្រតិបត្តិការវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច អប់រំ កសិកម្ម ជាពិសេសការបញ្ជូនពលករ ក្នុងខេត្តពោធិ៍សាត់ ទៅធ្វើការតាមរដូវកាល នៅស្រុក Yangpyeong ខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េដោយស្របតាមគោល នយោបាយនៃប្រទេសទាំងពីរ។

លោកអភិបាលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់បន្ថែមថា កន្លងមកនេះ ពលករភាគច្រើន ពួកគេពេញចិត្តទៅធ្វើការនៅប្រទេសកូរ៉េ និងជប៉ុនច្រើនជាងគេ នេះដោយសារប្រទេសទាំងពីរ បង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ និងទទួលបានប្រាក់ខែខ្ពស់ ដើម្បីយកមកអភិវឌ្ឍន៍ក្រុមគ្រួសារ នៅស្រុកកំណើត។ នាពេលខាងមុខរដ្ឋបាលខេត្ត នឹងសហការជាមួយមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត ដោយខិតខំគៀងគរ ជ្រើសរើសពលករដែលមានសមត្ថភាព ក្នុងខេត្តពោធិ៍សាត់ ដើម្បីទៅធ្វើការ នៅស្រុក Yangpyeong ខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ស្របតាមកិច្ចព្រមព្រៀម ដែលបានចុះហត្ថលេខានាពេលនេះ។

ក្នុងឱកាសនោះ រដ្ឋបាលខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា និងស្រុក Yangpyeong ខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ក៏បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាព រយៈពេលខ្លី ព្រមទាំងប្រគល់ជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមក និងចូលរួមទស្សនៈកិច្ច នៅកសិដ្ឋានដាំដុះបន្លែសុវត្ថិភាព នៅក្នុងសង្កាត់រលាប ខេត្តពោធិ៍សាតផងដែរ៕