(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយផ្នែកបរិស្ថានដូចនៅពេលបច្ចុប្បន្ននេះ គឺដើម្បីបង្ការមនុស្សជំនាន់ក្រោយ កុំឲ្យរងនូវផលប៉ះពាល់ដោយសារបញ្ហាមិនល្អ និងមិនអំណោយផល។

ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កិច្ចការសំខាន់នៅក្នុងការដាក់ចេញនូវគោលនយោបាយសំខាន់នៅពេលនេះ គឺការបង្ការនូវឱកាសដែលកូន ចៅ ចៅទួត ចៅលួតរបស់យើង ត្រូវលំបាកវេទនាដោយសារបញ្ហាបរិស្ថានមិនអំណោយផល។ ការវិវឌ្ឍដើម្បីធ្វើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ចាំបាច់ត្រូវដើរទៅមុខ។ ពិតណាស់ការវិវឌ្ឍន៍នេះយើងមិនអាចដើរមួយ រក្សាបានទាំងពីរទេ»

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋនៅលើសកលលោក ត្រូវការផែនដីមួយដែលអំណោយផលសម្រាប់រស់ និងរស់យូរអង្វែងតទៅទៀត។ ការវិវឌ្ឍរបស់ប្រទេសជាការចាំបាច់ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ន និងតម្រូវការសម្រាប់អនាគត ប៉ុន្ដែក៏ត្រូវគិតផងដែរអំពីការថែរក្សានូវតម្លៃ និងបរិស្ថាននេះ បើមិនដូច្នោះទេយើងសប្បាយនៅក្នុងអាណត្តិនេះ នៅក្នុងពេលជីវិតរបស់យើង ប៉ុន្ដែកូនចៅ ចៅទួតយើងនឹងមានការលំបាក។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា តម្រូវការនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដូចជាការកសាងឧស្សាហ៍កម្ម ត្រូវការថាមពល ពេលខ្លះត្រូវអភិវឌ្ឍន៍វារីអគ្គិសនី ត្រូវការធ្វើបណ្ដាញបញ្ជូនហើយប៉ះពាល់កន្លែងខ្លះ, ការធ្វើស្ពានអាចប៉ះពាល់ចរន្ដទឹក ប៉ុន្ដែបើមិនធ្វើមិនអាចតភ្ជាប់ និងបង្កើនសេដ្ឋកិច្ច។ ប៉ុន្ដែត្រូវធានាថា ការអភិវឌ្ឍធ្វើយ៉ាងណាដើម្បីជាមូលដ្ឋានអភិវឌ្ឍន៍យូរអង្វែង និងមានចីរភាព។

សូមជម្រាបថា រាជរដ្ឋាភិបាលកាលពីថ្ងៃតី១០ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ បានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «យុទ្ធសាស្ដ្រចក្រា នៃវិស័យបិរស្ថានថ្មី ឆ្នាំ២០២៣-២០២៨» ដោយឈរលើអាទិភាពសំខាន់ៗ ចំនួន៣រួមមាន៖ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតភាពកាបូន។

ចំពោះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានរចនាឡើងជារូបរង្វង់ដោយមានយុទ្ធសាស្រ្តស្នូល ផ្តោតលើមុំចំនួន៣ រួមមាន៖ ពង្រឹងគោលនយោបាយ កសាងរដ្ឋបាល ឌីជីថល និងពង្រីកការផ្សព្វផ្សាយ ដែលមុំទាំងបីនេះ ជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញបង្វិលយុទ្ធសាស្រ្ត បីផ្សេងទៀត ឲ្យដំណើរការដោយជោគជ័យ គឺយុទ្ធសាស្រ្តទី១៖ ភាពស្អាត ដែលផ្តោតលើមុំ គ្រប់គ្រងការបំពុល ធ្វើទំនើបកម្ម សមត្ថភាពវិនិច្ឆ័យការបំពុល និងលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, យុទ្ធសាស្រ្តទី២៖ ភាពបៃតង ផ្តោតលើមុំ ពង្រីកចលនាដាំដើមឈើ ជំរុញការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងយុទ្ធសាស្រ្តទី៣៖ ចីរភាព ផ្តោតលើមុំ ធ្វើអនុលោមភាព ពង្រីកសហប្រតិបត្តិការ និងពង្រឹងការសម្របសម្រួល៕