(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់តាជី យាយជី និងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រចំនួន១២០នាក់ នៅក្នុងភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដែលជាអំណោយរបស់សប្បុរសជន។

ជាមួយគ្នានេះ លោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក បៃ ប៊ុនណា និងសួន ស្រីទូច និងបុត្រធីតា ដែលបានសហការជាមួយរដ្ឋបាលស្រុកស្ទោង ក្នុងការរៀបចំពិធីចែកអំណោយ សប្បុរសធម៌នៅពេលនេះ គឺជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលស្រុកស្ទោងក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាព បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសពុកម៉ែបងប្អូនដែលមានជីវភាពក្រីក្រ ដែលជាគោលនយោបាយមួយក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋគឺ មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ដាច់បាយស្លាប់ ដោយអាជ្ញាធរមូលដ្ឋាន ឬរាជរដ្ឋាភិបាលកម្ពុជាពុំបានដឹងនោះឡើយ។

លោក បៃ ប៊ុនណា និងអ្នកស្រី សួន ស្រីទូច បានថ្លែងអំណរគុណជាអានេកដល់លោកអភិបាលស្រុកស្ទោង និងសហការី ដែលបានលះបង់ពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងពិធី ចែកអំណោយដែលក្រុមគ្រួសារគាត់ បានរៀបចំនៅពេលនេះទោះមានចំនួនតិចហើយពុំបានឆ្លើយតប ទៅនឹងតម្រូវការជាក់ស្ដែងរបស់មូលដ្ឋានក្តី ក៏បានចូលរួមចំណែកយ៉ាងធំធេង ជាមួយរដ្ឋបាលស្រុក ដែលជានិច្ចជាកាលតែងតែចុះជួយ និងចែកអំណោយសង្គ្រោះដល់ប្រជាពលរដ្ឋ តាមបណ្ដាភូមិឋាននានានៅក្នុងស្រុក។

គួរបញ្ជាក់ថា អំណោយដែលចែកជូននៅពេលនេះជាអំណោយរបស់លោក បៃ ប៊ុនណា និងលោកស្រី សួន ស្រីទូច និងបុត្រធីតា ដែលមួយគ្រួសារៗ ទទួលបាននូវអង្ករ១បេ  មី១កេស ទឹកសុទ្ធ១កេស ទឹកស៊ីវ១យួរ ទឹកត្រី១យួរ កន្ទេល១ និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕