(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា ចំពោះជនបរទេសណា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន អនុវត្ដច្បាប់ហើយ គឺត្រូវបណ្តេញចេញពីប្រទេសតែម្ដង។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះជនបរទេសនៅក្នុងប្រទេស បើសិនជាមានពាក់ព័ន្ធ (គ្រឿងញៀន) អនុវត្ដច្បាប់ហើយ ត្រូវបណ្ដេញចេញតែម្ដង អត់ត្រូវការទុកនោះទេ»

សូមជម្រាបថា រយៈពេលជាង១១ខែ ឆ្នាំ២០២៣ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣) កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបគ្រឿងញៀន បានសរុបចំនួន៧,៨៣៥ករណី ឃាត់មនុស្ស១៩,៤៨៤នាក់ ស្រី១,៣២២នាក់ ក្នុងនោះ មានជនបរទេស ៤៩៩នាក់ ស្រី៦៧នាក់ មាន១៧សណ្ជាតិ៕