(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ ការកាត់បន្ថយការប្រើប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញ ដើម្បីរួមចំណែកផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជនកម្ពុជា ឱ្យចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកប្រចាំថ្ងៃនៅកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសគាំទ្រយ៉ាងដូចនេះ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈកំណើននៃការប្រើប្រាស់នឹងកើនឡើងនូវសំណល់ប្លាស្ទិក ហើយការប្រើប្រាស់ប្លាស្ទិកនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជាសាកល ដោយកំណើននៃការផលិត និងការប្រើប្រាស់ថង់ប្លាស្ទិកពុំមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវនោះទេ និងបានបង្ករឱ្យការបំពុលប្លាស្ទិកទៅក្នុងបរិស្ថាន ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់សុខភាពមនុស្ស និងជីវចម្រុះផ្សេងៗទៀត ក៏ដូចជាការបាត់បង់សុភណ្ឌភាពបរិស្ថានជាដើម។ តាមការស្រាវជ្រាវជាសាកល សំណល់ប្លាស្ទិក ជាពិសេសមីក្រូប្លាស្ទិក ត្រូវបានរកឃើញនៅក្នុងត្រី ប្រភពទឹកដែលអាចបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងទាមទារឱ្យពិភពលោកយកចិត្តទុកដាក់បន្ថែមក្នុងការដោះស្រាយបញ្ហាបំពុលដោយប្លាស្ទិកនេះ។

ពាក់ព័ន្ធនឹងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ ការកាត់បន្ថយការប្រើប្លាស្ទិក ដែលក្រសួងបរិស្ថានបានដាក់ចេញនាពេលថ្មីៗនេះ ជាពិសេសយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានរួមចំណែកផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃនៅកម្ពុជា»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា កិច្ចការងារមួយនេះបានដំណើរការច្រើន និងបានទទួលការចូលរួមពីប្រជាពលរដ្ឋ និងវិស័យឯកជាច្រើនផងដែរការរយៈការមិនប្រើផ្លាស្ទិក ជាក់ស្តែងការប្រើប្រាស់ទុយោនៅតាមហាងមួយចំនួន គឺមិនបានប្រើប្រាស់ប្លាស្ទិកទៀតនោះទេ ដោយប្តូរទៅប្រើទុយោធ្វើពីក្រដាស ឫវត្ថុធាតុដើមដែលអាចរលាយបានផងដែរ។

ជាមួយគ្នានោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគុសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់សម្តេចពេលទៅប្រទេសជប៉ុនផងដែរ ដោយសម្តេចបានអះអាងថា មានក្រុមហ៊ុនមួយចង់មកសិក្សា ដើម្បីវិនិយោគនៅកម្ពុជា ដោយចង់វិនិយោគលើការចិញ្ចឹមមាន់ ដើម្បីទាញយកពងមាន់យកទៅធ្វើអាវ ដែលនេះហើយគឺជាវិទ្យាសាស្ត្រដែលយើងត្រូវទាញយកមកប្រើប្រាស់ ហើយក៏ជាកិច្ចការសំខាន់ផងដែរ៕