(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានណែនាំឱ្យលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពមួយចំនួននៃការប្រណិបត្តិជំនឿ និងសាសនានៅកម្ពុជា ដែលបានបង្កប៉ះពាល់ដល់តម្លៃសាសនា ដើម្បីការពារតម្លៃសាសនា និងសង្គម។
សម្តេចមហាបវរធិបតី ណែនាំបែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
ការណែនាំឱ្យពិនិត្យសកម្មភាពមួយចំនួន នៃការប្រណិបត្តិសាសនាដែលតែងតែបង្កការចាប់អារម្មណ៍នេះ បន្ទាប់ពីសម្តេចធិបតីសង្កេតឃើញថា នាពេលកន្លងមក តែងតែលេចចេញបុគ្គលតាំងខ្លួនជាឥសី ឬអ្នកមានបុណ្យជាបន្តបន្ទាប់ ហើយថ្មីៗនេះក៏មានស្រ្តីម្នាក់ ពាក់ស្បង់ជីពរតាំងខ្លូនជាព្រះផងដែរ។ សម្តេចធិបតីយល់ឃើញថា សកម្មភាពមួយចំនួនរបស់បុគ្គលទាំងនោះ បានធ្វើឱ្យប៉ះពាល់ដល់តម្លៃសាសនា ក៏ដូចជាប៉ះពាល់ទៅសន្តិសុខសណ្តាប់ធ្នាប់សង្គម។ ដូច្នេះហើយសម្តេចធិបតីបានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងធម្មតា ត្រូវតែពិនិត្យមើលករណីនេះ ដើម្បីថែរក្សានូវតម្លៃនៃសាសនា។
សម្តេចធិបតីបានបានថ្លែងបន្តថា មនុស្សគ្រប់រូបមានសុទ្ធតែមានសិទ្ធិក្នុងការគោរពប្រតិបត្តិសាសនារៀងៗខ្លួន ហើយរដ្ឋាភិបាលគាំទ្រការប្រតិបត្តិសាសនាដែលធ្វើត្រឹមត្រូវ ប៉ុន្តែប្រសិនបើបុគ្គលណាមួយយកសាសនា យកទៅធ្វើជាខែលឬជាលេសក្នុងន័យយកទៅធ្វើអាជីវកម្មផ្សេងៗ រាជរដ្ឋាភិបាលក៏មានកាតព្វកិច្ចការពារនូវតម្លៃសាសនា និងការពារនូវតម្លៃសង្គមផងដែរ។
សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«សិទ្ធិសេរីភាពនៅក្នុងការប្រតិបត្តិសាសនាយើងគោរព ប៉ុន្តែត្រូវមានព្រំដែន ដើម្បីថែរក្សានូវតម្លៃនៃសាសនា។ ខ្ញុំសូមឱ្យពិគ្រោះជាមួយគ្រប់គណៈនៃសាសនាក៏ដូចជាពិនិត្យមើលគ្រប់សាសនាទាំងអស់ មិនថាសាសនាតូចធំ ឬជាព្រះពុទ្ធសាសនា សាសនាឥស្លាម ឬគ្រឹស្តសាសនានោះទេ សាសានាផ្សេងៗតូចក្តីធំក្តីយើងគោរពតែត្រូវមានមូលដ្ឋានច្បាស់លាស់។យើងមិនអាចយប់មិញដេកយល់សប្តិឃើញអីចេញមកពាក់ ដើម្បីទៅបំផុលឬក៏នាំមនុស្សក្រឡុកអស់។ខ្ញុំមើលទៅវិញមុខ»
សម្តេចមានប្រសាសន៍ថា គ្រប់សាសនាទាំងអស់សុទ្ធតែមានមូលដ្ឋានច្បាស់លាស់ ប៉ុន្តែអ្នកប្រតិបត្តិ កុំយកសាសនានោះមកប្រព្រឹត្តិខុស។
ជាមួយគ្នា សម្តេចក៏ណែនាំឱ្យពិនិត្យទៅលើការផ្សព្វផ្សាយនៅលើបណ្តាសង្គម ការចែកចាយព័ត៌មាន ក៏ដូចជាសកម្មភាពនៅតាមទីសាធារណៈផងដែរ។ បើការធ្វើសកម្មភាពដែលគ្មានមូលដ្ឋានច្បាស់លាស់អាចធ្វើបានត្រឹមនៅក្នុងផ្ទះ ប៉ុន្តែប្រសិនបើមានការផ្សព្វផ្សាយជាសាធារណៈក្នុងន័យទាក់ទាញឱ្យគេជឿ ឬការធ្វើអាជីវកម្មផ្សេងៗ ក្រសួងត្រូវតែពិនិត្យមើលឱ្យខានតែបាន៕