(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បទបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្ត ទាំងអស់ថា ដាវអាជ្ញាសឹកឱ្យហើយ ត្រូវតែអនុវត្ត ដើម្បីការពារធនធានធម្មជាតិ ពោលគឺកុំចាំទាល់តែគេប្តឹងរាយការណ៍មកនាយករដ្ឋមន្ត្រី។

សម្តេចមហាបវរធិបតី បញ្ជាបែបនេះពេលអញ្ជើញជាអធិបតីភាព​បិទ​សន្និ​បាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវបញ្ជាផ្ទាល់ដោយមានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រៀមផ្តល់កិច្ចសហការ ចាត់វិធានការ លើបទល្មើសធនធានធម្មជាតិ បើមិនអីចឹងទេ មនុស្សតិចបានផល មនុស្សច្រើនវេទនា។ សម្តេចបានបន្តថា អ្នករកស៉ីពីបទល្មើសព្រៃឈើច្រើនពេក ឥលូវត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាអ្វីដែលខ្ញុំសុំចេញបទបញ្ជា ទៅឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យមើលក្របខណ្ឌច្បាប់ បើមិនអីចឹង យើងនឹងមានបញ្ហា។ ខ្ញុំសូមអរគុណ​កន្លងទៅ មានការជូនព័ត៌មានផ្សេងៗ កន្លែងជាច្រើន តាមហ្វេសប៊ុកខ្ញុំ រុញទៅឲ្យខេត្តទប់ស្កាត់ភ្លាម តែអាជ្ញាធរខេត្ត ជាអ្នកទទួលខុសត្រូវ ត្រូវចាត់វិធានការឲ្យលឿន កុំចាំទាល់តែមកតាមហ្វេសប៊ុកនាយករដ្ឋមន្ត្រី។ កាតព្វកិច្ច ដាវអាជ្ញាសឹក មានហើយ ការអនុវត្តខ្ញុំនៅពីក្រោយ តែអនុវត្តឲ្យត្រូវ»

សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រឹងពង្រឹងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈយកចិត្តទុកដាក់ការពារតំបន់ព្រៃលិចទឹក ទាំងទឹកសាប និងប្រៃ ធ្វើយ៉ាងណាការពារ ដើម្បីជាកេរ្តិ៍តំណែល និងកេរ្តិ៍សម្បត្តិរបស់យើង ប្រជាជនយើង៕