(តាកែវ)៖ ជានិច្ចជាកាលលោកស្រីឧកញ៉ា សេង សុវីរដ្ឋា រួមទាំងស្វាមី បានឧបត្ថម្ភថវិកា ជាបន្តបន្ទាប់ដើម្បីជួយទៅដល់ជនទីទ័លក្រលំបាកនៅតាមបណ្តាខេត្ត និងតាមវត្តអារាមដាច់ស្រយ៉ាលមួយចំនួន ដែលខ្វះខាត។

ជាក់ស្តែងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ លោកស្រីឧកញ៉ា សេង សុវីរដ្ឋា ព្រមទាំងស្វាមី បានបន្តឧបត្ថម្ភថវិកា១លានរៀលទៀត ដើម្បីសាងសង់ផ្ទះបង្ហើយជូនបុរសកំសត់ឈ្មោះ កេត កែវ រស់ភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលរងទុកផ្ទួនៗ ពោលកូនទើបស្លាប់ ហើយគ្មានផ្ទះសម្បែងរស់នៅ ដោយរស់នៅក្នុងតង់ គ្រែ១ជាមួយកូនស្រី២នាក់ ក្រោយបានឧបត្ថម្ភ២លានរៀលរួចមកហើយ កាលពីពេលកន្លងទៅ។

កាលពីពេលកន្លងទៅ ទឹកប្រាក់ចំនួន២លានរៀល លោកស្រី និងស្វាមី បានជួយឧបត្ថម្ភសម្រាប់ទិញមឈូស និងធ្វើបុណ្យឲ្យកូន ដែលបានស្លាប់កាលខែមុន និងលើកនេះ បន្តជួយ១លានទៀត សរុប៣លាន
តាមរយៈភ្នាក់ងារព័ត៌មាន Fresh News លោក គ្រួច វណ្ណា ដោយបានយកទៅប្រគល់ជូនគាត់ដល់ដៃផ្ទាល់រួចហើយ។

សូមរំលឹកថា បុរសកំសត់ឈ្មោះ កេត កែវ អាយុ៤៦ឆ្នាំ ដែលមានជីវភាពទីទ័លក្រតោកយ៉ាក គ្មានផ្ទះសម្បែង។ កូនបានស្លាប់ ដោយឡែកខ្លួនក៏មានជំងឺប្រចាំកាយ ហើយគ្មានលុយសូម្បីតែមួយរៀលសម្រាប់ធ្វើបុណ្យសពកូន។

លោកស្រីឧកញ៉ា សេង សុវីរដ្ឋា បានឲ្យដឹងថា បន្ទាប់ពីបានឃើញរឿងរ៉ាវពីទុក្ខលំបាករបស់លោក កេត កែវ ទើបលោកស្រីឧកញ៉ា បានបរិច្ចាគថវិកាដែលជាធនធានផ្ទាល់ខ្លួន ជូនបុរសកំសត់រូបនោះ ដើម្បីទិញមឈូស និងធ្វើពិធីបុណ្យសពឲ្យកូនប្រុសរបស់គាត់ ហើយនៅសល់មួយចំនួន ដើម្បីចាត់ចែងជួលគេអារដើប្រេងខ្យល់ ដែលអ្នកភូមិបរិច្ចាគដើម្បីធ្វើកូនផ្ទះតូចមួយសម្រាប់ស្នាក់នៅផងដែរ។

លោក កេត កែវ ក្រោយទទួលបានអំណោយភ្លាម លោកមានចិត្តរំភើបក្តុកក្តួលរហូតស្រក់ទឹកភ្នែក និងលើកម្រាមដៃ១០ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តមេត្តាករុណារបស់លោកស្រី និងស្វាមី ដែលបានជួយគាត់ក្នុងគ្រាជួបទុក្ខ និងខ្វះខាតជាយ៉ាងខ្លាំងនេះផងដែរ៕