(ភ្នំពេញ)៖ នាឱកាសទទួលដំណើរទស្សនកិច្ចរបស់លោក Wu Yan អនុរដ្ឋមន្រ្តីក្រសួងអប់រំនៃសាធារណៈរដ្ឋប្រជាមានិតចិន នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំឱ្យរដ្ឋាភិបាលចិន ពិនិត្យលទ្ធភាពពង្រីកការជួយជ្រោមជ្រែងលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសបន្ថែមទៀត។

លោក ប៉ុក ប៉ាន់ បានលើកឡើងដូចនេះថា «ខ្ញុំសូមស្នើឱ្យមិត្តចិនពិនិត្យលទ្ធភាពធ្វើយ៉ាងណាពង្រីកការជួយជ្រោមជ្រែង មកលើការបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសបន្ថែមទៀត ដែលទាំងនេះបានបង្ហាញឱ្យឃើញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ»

លោក ប៉ុក ប៉ាន់ បានឱ្យដឹងទៀតថា សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយរបស់ចិនលើការបណ្តុះបណ្តាលបច្ចេកទេស គឺជាគាំទ្រដ៏សំខាន់សម្រាប់វិទ្យាស្ថានជាតិពហុបច្ចេកទេសដើម្បីពង្រឹងគុណភាព និងសមត្ថភាពនៃការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា។

ជាការឆ្លើយតបលោក Wu Yan បានគូសបញ្ជាក់ពីលទ្ធភាពនៃការពិនិត្យលើសំណើរ និងបន្តប្តេជ្ញាជួយជ្រោមជ្រែងលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសដើម្បីជាឧត្តមប្រយោជន៍ជូនពលរដ្ឋកម្ពុជាដែលនឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត។

លោក Wu Yan បានបន្ថែមថា ក្នុងនាមរដ្ឋាភិបាលចិន លោកនឹងខិតខំធ្វើយ៉ាងណាឱ្យកិច្ចសហការរវាងប្រទេសទាំងពីរលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើឡើងថែមទៀត។ លោកក៏បានកោតសរសើរពីថ្នាក់ដឹកនាំលោកគ្រូ អ្នកគ្រូនៅវិទ្យាស្ថានជាតិពហុបច្ចេកទេស ដែលបានខិតខំប្រឹងប្រែងលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពលរដ្ឋកម្ពុជា ដែលធ្វើឱ្យវិទ្យាស្ថានមានឈ្មោះបោះសំឡេងមកទល់សព្វថ្ងៃនេះ។

ដោយឡែកលោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានលើកឡើងផងដែរថា វិទ្យាស្ថានជាតិពហុបច្ចេកទេសបានទទួលសម្ភារៈជាច្រើនពីភាគីចិនសម្រាប់បម្រើលើតម្រូវការបណ្តុះបណ្តាលនៅវិទ្យាស្ថាននេះផងដែរ។ ថ្នាក់ដឹកនាំទាំងអស់វាយតម្លៃខ្ពស់ចំពោះការជួយជ្រោមជ្រែងទាំងនេះ ហើយរាល់ជំនួយរបស់ភាគីចិនពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់វិទ្យាស្ថាន ។

លោកបានបញ្ជាក់ផងដែរថា វិទ្យាស្ថានជាពហុបច្ចេកទេស គឺជាកន្លែងបណ្តុះបណ្តាលមួយដ៏សំខាន់នាពេលបច្ចុប្បន្នដែលបានបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ឱ្យមានឱកាសការងារល្អ និងមានសមត្ថិភាពខ្ពស់ឆ្លើយតបទៅនិងតម្រូវការការងារនៅកម្ពុជាបច្ចប្បន្ន៕