(ព្រៃវែង)៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីទម្លាប់ល្អក្នុងការងារអនុវត្តអនាម័យជាប្រចាំ និងសេចក្តីណែនាំពីវិធីសាស្រ្តក្នុងការប្រើប្រាស់ឧបករណ៍ នៃការផ្លាស់ប្តូរឥរិយាបថ ដល់ក្រុមប្រឹក្សាឃុំទទួលបន្ទុកស្រីនិងកុមារ មេភូមិ អនុភូមិ សមាជិកភូមិដែលជាក្រុមស្នូល ក្រុមប្រើប្រាស់ទឹកស្អាត និងអនាម័យ មកពី៦ស្រុក ១១ឃុំ ១៣ភូមិ។

ពិធីនេះមានចូលរួមដោយលោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងជាប្រធានអង្គភាពអនុវត្តគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទខេត្តព្រៃវែង និងលោកស្រី ខាំ សោភ័ណ្ណ ទីប្រឹក្សាឯកទេសផ្នែកទឹកស្អាត និងអនាម័យ លោក ម៉ែន វីរៈ ប្រធានផ្នែកអភិវឌ្ឍន៍សហគមន៍។

លោក ឡុក វុឌ្ឍី បានលើកឡើងថា វគ្គបណ្តុះណ្ឌលនេះមានគោលបំណងពង្រឹងចំណេះដឹងជាមូលដ្ឋានគ្រឹះ តាមរយៈការប្រើប្រាស់ឧបករណ៍ជំនួយស្មារតី (ផ្ទាំងរូបភាព និងសេចក្តីណែនាំ)។ ទទួលបានចំណេះដឹង ពីវិធីសាស្រ្តនៃការសម្របសម្រួល និងការប្រើប្រាស់ឧបករណ៍នៃការផ្លាស់ប្តូរឥរិយាបទ (ទម្លាប់ល្អក្នុងការអនុវត្តអនាម័យជាប្រចាំ)។ សារៈសំខាន់នៃការអនុវត្តអនាម័យល្អជាប្រចាំ ដើម្បីជួយកាត់បន្ថយជំងឺឆ្លងផ្សេងៗ តាមរយៈការលាងសម្អាតដៃជាមួយសាប៊ូជាប្រចាំ កាត់បន្ថយការរាលដាលនៃជំងឺកូវិដ១៩ ការប្រើប្រាស់បង្គន់អនាម័យ និងការសម្អាតលំនៅដ្ឋាន។

លោក ឡុក វុទ្ធី បានជម្រាបជូនសិក្ខាកាមថា ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ចំណុច៖ ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ទី៤.ការពង្រឹងស្ថាបន័អភិវឌ្ឍនសមត្ថភាព និងធនធានមនុស្ស។

លោក ឡុក ឡី បានរំលឹកថា គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ក្រោមហិរញ្ញប្បទានពីធនាគារ AIIB ក្នុងការជីកនិងស្តារស្រះទឹកស្អាតសហគមន៍ឡើងវិញចំនួន១៦ស្រះ ក្នុងនោះមាន១២ស្រះបានអនុវត្តរួច រីឯ៤ស្រះទៀតកំពុងអនុវត្តបន្ត (ស្រះទាំងអស់នេះមានការធ្វើទំនប់ ជណ្តើរ ដាំស្មៅ ប្រព័ន្ធចម្រោះខ្លះ និងរបង) ស្ថិតនៅឃុំជើងភ្នំ ស្រុកបាភ្នំ, ឃុំគោកខ្ក, ឃុំប្រធាតុ ឃុំពាមមន្ទារ ឃុំជាងដែក ឃុំអន្សោង ស្រុកកំពង់ត្របែក, ឃុំដំរីពួន ស្រុកស្វាយអន្ទរ, ឃុំស្មោងត្បូង ស្រុកកំចាយមារ, ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច, ឃុំព្រៃដើមស្ទឹង និងឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល។

ការអនុវត្តគម្រោងនេះជាការចូលរួមអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងលើកកម្ពស់អនាម័យជនបទ ២០១៤-២០២៥ (ប្រជាជនគ្រប់រូបនៅសហគមនជនបទត្រូវមានការផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព) ក៏ដូចជាអនុវត្តនូវផែនការសកម្មភាពជាតិ និងខេត្ត NAP and PAP ២០១៩-២០២៣ ប្រជាជន៩០% មានទឹកស្អាត និងអនាម័យ។

លោកប្រធានមន្ទីរបានផ្តាំផ្ញើដល់សិក្ខាកាម ក៏ដូជាក្រុមប្រើប្រាស់ទឹកស្អាតដែលបានចូលរួមវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ សូមយកចំណេះនិងជំនាញទៅផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ឲ្យពួកគាត់បានយល់ដឹងពីការប្រតិបត្តិនូវអនាម័យ និងចូលរួមថែទាំសមិទ្ធផលទាំងនេះឲ្យប្រើប្រាស់បានយូរអង្វែងប្រកបដោយសមធម៌ និងបរិយាបន្ន៕