(ភ្នំពេញ)៖ រាជធានី-ខេត្តចំនួន១១ បន្ថែមទៀត បានប្តេជ្ញាចិត្តចូលរួមចំណែក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ! ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» តាមរយៈការចុះអនុស្សរណយោគយល់ (MoU) រវាងក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានី ខេត្តទាំង១១។

រាជធានី-ខេត្តទាំង១១ ដែលចុះ MoU រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កំពង់ធំ ព្រះវិហារ សៀមរាប បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ។ ពិធីចុះអនុស្សរណយោគយល់ (MoU) នេះ ធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២១ ធ្នូ ឆ្នាំ២០២៣ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ជាមួយគ្នានេះ តំណាងរាជធានី ខេត្តចំនួន១១ បានចុះហត្ថលេខាលើអនុស្សរណយោគយល់ (MoU) និងបានប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីនាំមកនូវភាពស្អាត និងកិត្តយសជូនរាជធានី-ខេត្ត និងជាពិសេសលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ និងឈានសំដៅដល់កាត់បន្ថយលំហូរប្លាស្ទិកចូលទៅក្នុងទឹកដែលទឹកជាប្រភពសំខាន់ និងជាជម្រកត្រី ហើយត្រីទៀតសោតក៏ជាប្រភពប្រូតេអីនសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ចំពោះការគិតគូរដល់សុខមាលភាពប្រជាពលរដ្ឋនេះ គឺស្របតាមអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជាដែលរួមមាន៖ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា។

សូមជម្រាបជូនថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការគាំទ្រពីព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង ៣លានអង្គ/នាក់ ហើយនិន្នាការគាំទ្រភាពស្អាតនេះ បានកើនឡើងជាលំដាប់ ជារៀងរាល់ថ្ងៃចេញពីបេះដូងប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកស្រឡាញ់ភាពស្អាត ហើយភាពស្អាតនេះគឺសំដៅដល់បុគ្គល សង្គម និងប្រទេសកម្ពុជា៕