(ភ្នំពេញ)៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានចុះហេត្ថលេខាជាកញ្ចប់ ជាមួយសកលវិទ្យាល័យដ៏ធំរបស់ប្រទេសចិន ឈ្មោះ ធានជីងស៊ីណូវិទ្យាសាស្រ្តអាល្លឺម៉ង់ រួមទាំងក្រុមហ៊ុនឯកជនចិនចំនួន៦ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស។

លើកឡើងនាឱកាសនោះលោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានឱ្យដឹងថា ការចុះហេត្ថលេខានេះ នឹងអនុញ្ញាតឱ្យភាគីហត្ថលេខីទទួលយកសិស្សដែលបញ្ចប់ការសិក្សាបច្ចេកទេសឱ្យចូលហាត់ការ ទស្សនកិច្ចសិក្សា រួមទាំងការស្រាវជ្រាវបច្ចេកទេសទៅវិញទៅមក។ ការចុះហត្ថលេខារវាងវិទ្យាស្ថាន និងដៃគូរអភិវឌ្ឍទាំងអស់នៅពេលនេះ បានបង្ហាញពីការកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងវិទ្យាស្ថានជាតិជាមួយបណ្តាក្រុមហ៊ុនឯកជន លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញបច្ចេកទេសដល់កូនសិស្សដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថាន។

លោក ប៊ុន ភារិន បានគូសបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសនេះពុំមានមែនជាវិទ្យាស្ថានរកប្រាក់ចំណេញនោះទេ ដូច្នេះសិស្សដែលទទួលបានការបណ្តុះបណ្តាលពីទីនេះត្រូវតែមានសមត្ថភាព គុណភាព ដើម្បីឆ្លើយតបទីនិងតម្រូវការទីផ្សារការងារ និងមានប្រាក់ចំណូលសមរម្យល្អដែលធ្វើឱ្យជីវិតប្រសើរឡើងបន្ទាប់ពីទទួលបានការបណ្តុះបណ្តាល។

ក្នុងពិធីចុះហេត្ថលេខានេះលោក Wang Hailong នាយកនៃសកលវិទ្យាល័យធានជីងស៊ីណូវិទ្យាសាស្រ្តអាល្លឺម៉ង់ បានឱ្យដឹងដែរថា ការចុះហត្ថលេខានេះ គឺមានសារសំខាន់ចំពោះកិច្ចសហការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរវាងសកលវិទ្យាល័យ និងវិទ្យាស្ថានជាតិពហុបច្ចេកទេស ហើយលោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងសកលវិទ្យាល័យ និងវិទ្យាស្ថាននឹងកាន់តែល្អប្រសើឡើងថែមទៀត៕