(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្ញើសារលិខិតក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ដែលទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាណត្តិថ្មី អមដោយអនុប្រធាន និងសមាជិក សរុបចំនួន៩រូប។

តាមរយៈសារលិខិតថ្លែងអំណរគុណ លោក ប្រាជ្ញ ចន្ទ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ក្នុងនាមថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានប្រោសព្រះរាជទាននូវព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាជាប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ក្នុងឱកាសដែលទូលព្រះបង្គំ ជាខ្ញុំទាំងអស់គ្នា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំស្ថាប័ន គ.ជ.ប ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតដែលនៅជាធរមាន។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត ធ្វើអភិវន្ទនកិច្ចថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ និងសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី មហិទ្ធិឫទ្ធិបុណ្យបារមីថែរក្សាទឹកដីនៃព្រះរាជាណាក្រកម្ពុជា ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ សូមជួយបីបាច់ថែរក្សា ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង សូមទ្រង់សមប្រកបនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះមេត្តាប្រោសទទួលនូវគារវភក្ដីភាពដ៏ស្មោះត្រង់ និងអភិវន្ទនកិច្ច ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា»

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ថ្មីៗនេះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អមដោយអនុប្រធាន និងសមាជិក សរុបចំនួន៩រូប។

មាត្រា១ នៃព្រះរាជក្រឹត្យនេះបានកំណត់យ៉ាងដូច្នេះថា៖ «តែងតាំងមុខតំណែង ជាប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិថ្មី ៩រូបរួមមានទី១៖ លោក ប្រាជ្ញ ចន្ទ ប្រធាន, ២៖ លោក ជឺ ចំណាន អនុប្រធាន, ៣៖ លោក មាន សទិ សមាជិក, ៤៖ លោក ឌឹម សុវណ្ណារុំ សមាជិក ៥៖ ឯកឧត្តម សោម សូរីដា សមាជិក, ៦៖ លោក ហេង ស៊ីឡេង សមាជិក, ៧៖ លោក យិច សមិទ្ធិ សមាជិក, ៨៖ លោក ហ៊ែល សារ៉ាត់ សមាជិក និង៩៖ លោក ហង្ស ពុទ្ធ សមាជិក»