(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាឲ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើក្នុងខេត្តត្បូងឃ្មុំ ឲ្យបានទាំងស្រុង  ហើយសម្តេចបានបញ្ជាក់ថា អភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ ជាអ្នកទទួលខុសត្រូវលើបញ្ហានេះ។

ការដាក់ចេញបទបញ្ជាឲ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើក្នុងខេត្តត្បូងឃ្មុំនេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ក្នុងពេល  ដែលសម្តេចតេជោ បានចុះសំណេះសំណាលដោយផ្ទាល់ជាមួយមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និង កងកម្លាំងប្រដាប់ អាវុធ នៅក្នុងខេត្តត្បូងឃ្មុំ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លោកអភិបាលខេត្តត្បូង ត្រូវបញ្ជាផ្ទាល់ទៅលើកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទក្នុងការ អនុវត្តបទបញ្ជាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនេះ។ សម្តេចតេជោ បានបញ្ជាក់ថា «លោកអភិបាលខេត្តជាអ្នកទទួលខុសត្រូវ និង បញ្ជា ផ្ទាល់ទៅកម្លាំងទាំង ៣ប្រភេទមាន ប៉ូលីស ប៉េអឹម និងទាហ៊ានខេត្ត ត្រូវអនុវត្តការងារនេះឲ្យបានដាច់ខាត ជាពិសេសត្រូវចាត់វិធានការ ចំពោះមេក្លោងធំៗ ឲ្យបានកុំចាប់បានតែប្រជាពលរដ្ឋតូចតាច»

ដោយសារតែខេត្តត្បូងឃ្មុំជាខេត្តជាប់ព្រំប្រទល់វៀតណាម សម្តេចតេជោ បានជំរុញអាជ្ញាធរខេត្ត សហការជាមួយអាជ្ញាធរខេត្តវៀតណាម  រួមគា្នទប់ស្កាត់រាល់បទឧក្រិដ្ឋឆ្លងដែន ជាពិសេសការដឹកឈើខុសច្បាប់ និង ការជួញដូរថ្នាំញៀនជាដើម។

ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់  ធ្នាប់សង្គម ពង្រឹងការបង្ក្រាបបទល្មើសផ្សេងៗ ដូចជាការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុខសុវត្ថិភាពនៃការ រស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ រួមមាន សេវាតម្រូវការចាំបាច់ទាំងឡាយ ជាពិសេសគឺការធ្វើអត្តសញ្ញាណបណ្ណ និងសេវាសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋឲ្យបានលឿន និង មានប្រសិទ្ធភាព។

សម្តេចតេជោ បានគូសបញ្ជាក់ថា «មន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវបន្ទាបខ្លួន និង ខិតខំបំបាត់ឲ្យអស់ភាពអស កម្មនានា»

សម្តេចនាយករដ្ឋមន្រ្តី ក៏បានជំរុញកងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ធទាំងអស់ ចូលរួមសហការជាមួយភ្នាក់ងារគយ  និងពន្ធដារ ដើម្បីប្រមូលពន្ធឲ្យមានប្រសិទ្ធភាព។ អាជ្ញាធរត្រូវយកចិត្តទុកដាក់ការពារធនធានធម្មជាតិ តំបន់អភិរក្ស ព្រមទាំងយកចិត្ត ទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់ និង មានប្រសិទ្ធភាព។

បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នាចូលរួមអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំឲ្យកាន់តែរីកលូតលាស់ទៅមុខ។

សម្តេចតេជោ ក៏បានរំលឹកដល់មន្រ្តីក្នុងខេត្តត្បូងឃ្មុំថា កិច្ចការដែលសម្រេចទៅបានដោយជោគជ័យ គឺអាស្រ័យដោយមានការចូលរួមពី គ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និង ឆន្ទៈល្អមុះមុត និង ការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និង ប្រទេសជាតិពិតប្រាកដ។

សូមរំលឹកថា នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបញ្ចប់ការសំណេះសំណាលជាមួយមន្រ្តី សម្តេចតេជោ ហ៊ុន សែន ក៏បាន  ចូលទៅលេងផ្ទះ ដែលសម្តេចធ្លាប់ស្នាក់អាស្រ័យ និង សម្រាន្តរួមដំណេកមួយរាត្រីជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ពេលត្រឡប់មកពីរៀបអាពាហ៍ពិពាហ៍ក្រោមការផ្សំផ្គុំរបស់អង្គការក្នុងរបបប៉ុលពតកាលពីអំឡុងខែមករា ឆ្នាំ១៩៧៦។ ផ្ទះអនុស្សាវរីយ៍ កាលពី៤០ឆ្នាំមុននេះ ស្ថិតនៅក្នុងភូមិតាហៀវលើ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងពេលចុះទៅលេងផ្ទះនោះ សម្តេចតេជោ ហ៊ុន សែន បានជួបជជែកលេងយ៉ាងស្និទ្ធស្នាលជាមួយលោកយាយ អ៉ី ស៊រ ដែលជាម្ចាស់ ផ្ទះ និង បានជួយយកអាសារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនាពេលនោះ។ សម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់  ផ្ទះថ្មីជូនលោកយាយ អ៉ី ស៊រ ដែលមានវ័យ ៨៣ឆ្នាំ និងបានជួយផ្គត់ផ្គង់មួយខែ ១លានរៀលផងដែរ។

លោកយាយ អ៉ី ស៊រ បានហៅសម្តេចតេជោថា កូនៗ ហើយសម្តេចតេជោ ហ៊ុន សែន បានហៅលោកយាយ អ៉ី ស៊រ ថាម៉ែៗយ៉ាងផ្អែម ល្ហែមផងដែរ។

នៅរសៀលថ្ងៃដដែលនេះ តាមរយៈសំណើរបស់គ្រូៗនៅសាលាបឋមសិក្សាល្វា និងអនុវិទ្យាល្វាលើ ដែលចង់បានអគារសិក្សា សម្តេចតេ  ជោ ហ៊ុន សែន ក៏បានធ្វើដំណើរទាំងដំណក់ភ្លៀងឆ្ពោះទៅកាន់សាលាបឋមសិក្សាល្វា និង អនុវិទ្យាល័យល្វាលើ នៅក្នុងភូមិល្វាត្បូង ឃុំ ល្វាលើ ស្រុកចំការលើ ខេត្តត្បូងឃ្មុំ។

នៅសាលាបឋមសិក្សាល្វា និងអនុវិទ្យាល័យល្វាលើនេះ សម្តេចតេជោ ហ៊ុន សែន និង គ្រូៗ ព្រមទាំងសិស្សៗ បានសំណេះសំណាល ជាមួយគ្នាយ៉ាងស្និទ្ធស្នាល ហើយគ្រូៗ ក៏បានសម្តែងក្តីរំភើបសប្បាយរីករាយផងដែរ។

ដោយមើលឃើញការខ្វះខាត និងតម្រូវការសម្រាប់បំពេញការសិក្សារបស់សិស្ស សម្តេចតេជោ ហ៊ុន សែន ក៏សម្រេចផ្តល់អគារសិក្សាថ្មី  ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ និងទីចាត់ការ ៣បន្ទប់ មានរបងព័ទ្ធជុំវិញសាលា និងផ្តល់ម៉ាស៊ីនដេរ ១០គ្រឿង ព្រមទាំងជួស ជុសអគារចាស់វិញ និងកសាងផ្លូវលំ១ខ្សែប្រវែង ១៥គីឡូម៉ែត ដើម្បីជួយម្រួលដល់ការធ្វើដំណើរលោកគ្រូ អ្នកគ្រូ សិស្សៗ និង ប្រជា ពលរដ្ឋរស់នៅទីនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំយកចិត្តទុកដាក់រៀនសូត្រ ហើយត្រូវចៀសវាងឲ្យឆ្ងាយពីអំពើ អបាយមុខផ្សេងៗដូចជាល្បែងស៊ីសង និងគ្រឿងញៀនជាដើម។ សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀតផ្ញើសារថា មានសម្តេចសម្តេចតេជោ  ហ៊ុន សែន គឺមានសាលារៀនគ្រប់ទីកន្លែង។

សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំ គឺជាខេត្តទី១៤ ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាពិនិត្យសមិទ្ធផលការងារ រួមជាមួយដាក់ចេញផែនការអនុវត្តការងារថ្មី៕