(ភ្នំពេញ)៖ លោក តុប ឫទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាល និងប្រគល់វិញ្ញាសារ និងកុំព្យូទ័រជូនគណៈកម្មការរៀបចំការប្រឡងនៅរាជធានីភ្នំពេញ ដើម្បីរៀបចំការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លីឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

បើតាមលោក តុប ឫទ្ធី បានអះអាងថា ការប្រឡងនេះ គឺសម្តែងពីតម្លាភាពមួយសម្រាប់បម្រើឱ្យការបោះឆ្នោត ប្រសិនបើគ្មានការប្រឡងជ្រើសរើសនោះនឹងមិនអាចសម្រិតសម្រាំងមន្ត្រីដែលមានសមត្ថភាពពិតប្រាកដ ដើម្បីចូលរួមបម្រើការងារឱ្យដល់ដំណើរការបោះឆ្នោតទាំងមូលនោះទេ។

លោកបានឱ្យដឹងថា សម្រាប់រាជធានីភ្នំពេញ គ.ជ.ប ត្រូវការជ្រើសរើសមន្ត្រីចំនួន១២រូប ដើម្បីចូលបម្រើការងារលើមុខតំណែងចំនួន១០ ឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

លោក តុប ឫទ្ធី បានលើកឡើងថា និយាយជារួមចាប់ពីថ្ងៃដាក់ពាក្យរហូតដល់ថ្ងៃប្រឡង អត់មានអ្វីកើតឡើងពាក់ព័ន្ធនឹងភាពមិនប្រក្រតីនោះទេ ឃើញថាបេក្ខជនទាំងអស់បានចូលមកប្រឡងទៅតាមការកំណត់របស់ គ.ជ.ប។

លោក តុប ឫទ្ធី បានគូសបញ្ជាក់យ៉ាងដូច្នេះ៖ «ការប្រឡងនេះគឺសម្តែងពីតម្លាភាពមួយដែលការបោះឆ្នោតទាំងអស់ ប្រសិនបើគ្មានការប្រឡង យើងជ្រើសរើសការចាត់តាំងនោះនឹងត្រូវរងការរិះគន់ថាយើងរើសមន្ត្រីគ្នាឯង ប៉ុន្តែ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជៀសវាងរឿងនេះ ហើយទី២ ការប្រឡងនេះគឺយើងសម្រាំងមន្ត្រីដែលមានសមត្ថភាពពិតប្រាកដ ដើម្បីចូលរួមបម្រើការងារឱ្យដល់ដំណើរការបោះឆ្នោតយើងទាំងមូលនេះជាការងារមួយដែល គ.ជ.ប ត្រូវតែអនុវត្តន៍តាមច្បាប់ដែលបានកំណត់រួចទៅហើយ»។

លោក តុប ឫទ្ធី បានថ្លែងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាពេលខាងមុខនេះ ពិតជាមានសារសំខាន់ណាស់ ហេតុនេះត្រូវយកចិត្តទុក ដាក់អនុវត្តការងារប្រឡងជ្រេីសរេីសនេះឱ្យបានលទ្ធផលល្អប្រសើរ សំដៅធានាឱ្យការរៀបចំការបោះឆ្នោតប្រព្រឹត្តដោយសេរី​ ត្រឹមត្រូវ​ និងយុត្តិធម៌​ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោក តុប ឫទ្ធី បានបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបទទួលបាននូវការតែងតាំងថ្មី គ្មានជម្រើសអ្វីក្រៅពីបន្តបេសកកម្មរបស់ខ្លួនឱ្យបានល្អ រៀបចំការបោះឆ្នោតទៅតាមអាណត្តិឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបានពីម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដែលការនេះជាការប្តេជ្ញាចិត្ត និងជាជំហរឥតងាករេ ដើម្បីរួមចំណែកក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត នៅព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី ចំនួន ២៧៩រូប លើមុខតំណែងចំនួន១០ ឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤៕