(កំពង់ស្ពឺ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលស្រុកគងពិសី សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ បានរៀបចំវេទិកាការងារ នៅមូលដ្ឋានក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយនាំយកឱកាសការងារចំនួន ៤ពាន់កន្លែងពី រោងចក្រ តារាល អីនធើនេសីនណល ឯក ដើម្បីផ្តល់ជូនយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ។

នាឱកាសនោះដែរ លោក គង សំណាង អភិបាលរងស្រុកគងពិសី បានលើកឡើងថា ស្រុកគងពិសីគឺជាស្រុកមួយដែលមានរោងចក្រកើនឡើងជារៀងរាល់ឆ្នាំ ហើយជាមួយនឹង ការកើនឡើងនៅរោងកច្រសហគ្រាសនេះ តម្រូវការជ្រើសរើសកម្លាំងពលកម្មឱ្យចូលទៅបម្រើការងារ ក្នុងក្រុមហ៊ុនទាំងនោះ គឺជារឿងដែលមិនអាចមើលរំលងបាននោះទេ។ វេទិកាជ្រើសរើសបុគ្គលិកដល់មូលដ្ឋានបែបនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រពលរដ្ឋនៅមូលដ្ឋាន។ លោកបញ្ជាក់បន្តថា វេទិកាការងារនេះ រួមចំណែក កាត់បន្ថយអត្រាគ្មានការងារធ្វើនៅមូលដ្ឋាន ជួយបំពេញតម្រូវការដល់ប្រជាពលរដ្ឋដែលមានតម្រូវការស្វែងរកការងារជាចាំបាច់។

ជាមួយគ្នានេះ កញ្ញា អ៊ុល សុគន្ធាមន្នីរ័ត្ន បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ មកពីភូមិខ្លូង ឃុំស្តុក ស្រុកគងពិសី លើកឡើងថា កញ្ញាពិតជាសប្បាយចិត្តណាស់ដែល ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំវេទិកាការងារថ្ងៃនេះឡើង ព្រោះបានជួយដល់ប្រជាពលរដ្ឋនៅតាមទីជនបទឱ្យបានជួបជាមួយនឹងក្រុមហ៊ុនដោយផ្ទាល់។ កញ្ញាសូមអរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែគិតគូពីសុខទុក្ខរបស់ ប្រជាពលរដ្ឋតាមរយៈការជួយស្វែងរកការងារ ឱ្យដល់ប្រជាពលរដ្ឋធ្វើដល់ មូលដ្ឋាន។

សូមជម្រាបថា ក្រៅពីផ្តល់ឱកាសការងារភ្លាមៗនៅនឹងកន្លែង វេទិកាការងារនេះ ក៏មានការទទួលចុះឈ្មោះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីចូលរៀនវគ្គបណ្តុះបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផងដែរ។

សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ឬចង់ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕