(កំពង់ធំ)៖ លោក ជា ចាន់តូ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីនៅវិទ្យាល័យជាស៊ីមប្រឡាយ ស្ថិតនៅក្នុងភូមិក្រែក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

លោក ជា ចាន់តូ បានបញ្ជាក់ថា នេះគឺជាចំណងដៃថ្មីរបស់លោកនិងលោកស្រីជូនដល់សិស្សានុសិស្សលោកគ្រូ អ្នកគ្រូ លោកនាយក គណៈកម្មការសាលារៀន និងប្រជាពលរដ្ឋក្នុងស្រុកស្ទោង ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃកំណើនសិស្សានុសិស្ស ក៏ដូចជារួមលើកកម្ពស់គុណភាពវិស័យអប់រំ និងមូលធនមនុស្ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានផ្ដាំផ្ញើដល់សិស្សានុសិស្សគ្រប់រូប ត្រូវខិតខំសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជាឲ្យអស់ពីលទ្ធភាព ដើម្បីមានចំណេះដឹង និងដើម្បីអនាគតភ្លឺស្វាងដែលជាសសរទ្រូងរបស់គ្រួសារ និងប្រជាជាតិទៅថ្ងៃអនាគត លើសពីនេះលោកក៏បានផ្ដាំផ្ញើបន្ថែមដល់សិក្សានុសិស្ស ត្រូវធ្វើខ្លួនឲ្យបានល្អជាសិស្សល្អ មិត្តល្អ កូនល្អ ស្ដាប់បង្គាប់របស់ឪពុកម្ដាយអាណាព្យាបាល ជាពិសេសត្រូវគោរពឱ្យបានភ្ជាប់ខ្ជួននូវវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សសាលារៀន និងនៅឲ្យឆ្ងាយពីគ្រឿងញៀនដែលគ្រឿងញៀននាំឲ្យខូចអនាគតរបស់សិស្សានុសិស្ស ក៏ដូចជានាំឲ្យសង្គមមាននៅបញ្ហាអាណាធិបតេយ្យ និងអសន្តិសុខផងដែរ។

លោក ជា ចាន់តូ បានផ្តាំផ្ញើឲ្យសិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ នាយកសាលានិង សហគមន៍ទាំងមូល ត្រូវខិតខំថែរក្សាអគារសិក្សាថ្មីនេះជាសម្បត្តិទាំងអស់គ្នាឲ្យបានស្ថិតស្ថិរគង់វង្សសម្រាប់ជាប្រយោជន៍រួមតទៅ។

គួរបញ្ជាក់ថា អគារសិក្សាថ្មីដែលបញ្ចុះបឋមសិលាសាងសង់នៅពេលនេះមានទំហំ៩ម៉ែត្រ និង៥៤ម៉ែត្រ មានកម្ពស់២ជាន់ ចែកចេញជា១២បន្ទប់ សាងសង់រយ:ពេល១ឆ្នាំ ដោយក្រុមហ៊ុនឯកប្រុស៕