(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានស្រុកមេមត់ ស្នាក់ការសន្តិសុខ ចុះសួរសុខទុក្ខកងកម្លាំងអនុសេនាធំ ការពារតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោកឧត្តមសេនីយ៍ រ័ត្ន ចាន់ណា បានបញ្ជាក់ថា សកម្មភាពបន្តចុះសំណេះសំណាលសួរសុខទុក្ខនាពេលនេះ ដោយអនុវត្តតាមការណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំពោះកងកម្លាំងទាំងអស់ ពិសេសកំពុងឈរជើងនៅតំបន់នេះ ដើម្បីការពារបូរណភាពទឹកដី ការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនបន្ថែមទៅចែកផ្តល់ជូនកងកម្លាំង រួមមាន៖ ថវិកាចំនួន៤០០,០០០រៀល, ភេសជ្ជៈវឌ្ឍនៈ២០កេស, ទឹកបរិសុទ្ធ១០កេស, ត្រីខ៤យួរ, ទឹកត្រី៤យួរ, ទឹកស៉ីអ៉ីវ៤យួរ, មី៤កេស និងអង្ករ២បេ សរុបថវិកាអស់ប្រមាណ៣,០០០,០០០រៀលផងដែរ។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក៏បានឆ្លៀតចុះពិនិត្យហេដ្ឋារចនាសម្ពន្ធនានាក្នុងតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ផងដែរ៕