(ព្រៃវែង)៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី ចំនួន២៧៩រូប លើមុខតំណែងចំនួន១០ ឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ទាក់ទងនឹងការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លីនេះដែរ លោក សោម សូរីដា សមាជិក គ.ជ.ប បានថ្លែងថា យោងតាមបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ដែលហៅថា លធ.ខប នឹងក្លាយជាលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) នៅពេលបោះឆ្នោត។

គ.ជ.ប ត្រូវធានាឱ្យគណៈកម្ម ការាជធានី ខេត្តរៀបចំការបោះឆ្នោតមានលេខាធិការដ្ឋានដែលជាជំនួយការមានមន្រ្តីបម្រេីការងារគ្រប់គ្រាន់ ដើម្បីបំពេញការងារក្នុងដំណើរការរៀបចំការបោះឆ្នោតទាំងការបោះឆ្នោតសកល ទាំងការបោះឆ្នោតអសកលប្រព្រឹត្តទៅដោយសេរី​ ត្រឹមត្រូវ​ និងយុតិធម៌​ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស​។ នៅក្នុងដំណើរការអនុវត្តរបស់ គ.ជ.ប ពិសេសនៅក្នុងផែនការមេ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ថ្ងៃនេះ គ.ជ.ប ត្រូវរៀបចំការប្រឡងជ្រើសរើសមន្រ្តីបម្រើការងារនៅលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន ១០មុខ តំណែង។

នៅក្នុងមុខតំណែងទាំង ១០នេះ គឺ គ.ជ.ប ត្រូវការមន្រ្តីចំនួន ១១នាក់ តាមការកំណត់នៃ គ.ជ.ប សម្រាប់ខេត្តព្រៃវែង។

ការទទួលពាក្យជាមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លីបម្រើការងារនៅលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រៃវែង មានបេក្ខជនមកដាក់ពាក្យប្រឡង ចំនួន ១៣នាក់ ក្នុងនោះស្រ្តីមានចំនួន ៨នាក់ តាមមុខតំណែងទាំង១០ ដូចខាងក្រោម៖

១-ជំនួយការរដ្ឋបាល ចំនួន ១នាក់
២-ការីកុំព្យូទ័រ ចំនួន ២នាក់
៣-គណនេយ្យករ ចំនួន ១នាក់
៤-បេឡាធិការ ចំនួន ២នាក់
៥-អនុប្រធានផ្នែកប្រតិបត្តិការទទួលបន្ទុកភស្តុភារ ចំនួន ១នាក់
៦-មន្ត្រីប្រតិបត្តិការ និងភស្តុភារ ចំនួន ១នាក់
៧-មន្ត្រីទទួល និងដោះស្រាយបណ្ដឹង ចំនួន ១នាក់
៨-ការីវិទ្យុទាក់ទង ចំនួន ១នាក់
៩-អ្នកយាម ចំនួន ២នាក់
១០-អ្នកបើកបររថយន្តចំនួន ១នាក់។

ដំណើរការប្រឡងគឺប្រព្រឹត្តទៅចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ៨:៣០នាទីព្រឹក បន្ទាប់ពីចប់ការប្រឡង ការសរសេរសំណួរ-ចម្លើយ QCM បេក្ខជនត្រូវធ្វើសម្ភាសន៍នេះ បែបបទ និងនីតិវិធីការ ប្រឡងជ្រើសរើស ដែលកំណត់ដោយ គ.ជ.ប។

សូមជម្រាបជូនថា មន្ត្រីដែលប្រឡងជាប់ទាំងអស់នឹងទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវមុននឹងចូលបម្រើការងារនៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥៕