(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី ២៣ ខែសីហានេះ បានផ្ញើលិខិតទៅកាន់សាកលវិទ្យាធិការ សាកលវិទ្យាល័យអន្តរជាតិ (IU) ដើម្បីជំរុញការដោះស្រាយឲ្យមានប្រសិទ្ធភាព ជុំវិញបញ្ហានិស្សិតពេទ្យបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងឱសថ ឫ ឱសថការីមធ្យម ដែលបានតវ៉ាបង្ហោះក្នុង Facebook សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ ។
ក្នុងលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកត់សម្គាល់ឃើញថា ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររងឱសថ ឫ ឱសថការីមធ្យម របស់សាកលវិទ្យាល័យអន្តរជាតិ មិនបានបំពេញតាមលក្ខខណ្ឌបច្ចេកទេស របស់ក្រសួងសុខាភិបាលនោះទេ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលតម្រូវឲ្យសាកលវិទ្យាល័យអន្តរជាតិ ត្រូវគោរពតាមកម្មវិធីសិក្សាជាតិ ដោយធ្វើការបណ្តុះបណ្តាលពេញលេញជៀសវាង បង្រៀនថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ចំពោះករណីនិស្សិតថ្អូញថ្អែរពីតម្លៃសិក្សាខ្ពស់ គ្មានលទ្ធភាពរៀនបន្តថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យអន្តរជាតិនោះ និស្សិតអាចជ្រើសរើសសាកលវិទ្យាល័យផ្សេងបាន៕
ព័ត៌មានលម្អិតសូមអានលិខិតរបស់រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ទាំងស្រុង៖