(ភ្នំពេញ)៖​ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ លោករដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យអំពីប្លង់លំអិតនៃគម្រោង និងរៀបចំផែនការបន្ត ដើម្បីឱ្យគម្រោងដំណើរការទៅរលូន និងប្រកបដោយប្រសិទ្ធភាព ដោយក្នុងនោះ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលបំណងប្រកបដោយការបេ្តជ្ញាចិត្តខ្ពស់ដោយបានកំណត់ថា យ៉ាងយូរ ៥ឆ្នាំខាងមុខ រាជធានីភ្នំពេញ លែងប្រឈមនឹងបញ្ហាជន់លិច ដើម្បីដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ និងបញ្ចៀសបញ្ហាប្រឈម នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕