(ភ្នំពេញ)៖ អង្គការពិព័រណ៍វិទ្យាសាស្ដ្រកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំកម្មវិធីរ៉ូបូតទិចកម្ពុជា ២០២៣ ដើម្បីបង្ហាញពីជំនាញស្នាដៃ គម្រោង Robot របស់យុវជនកម្ពុជា។ កម្មវិធីនេះ រៀបចំធ្វើឡើង នៅអគារកោះពេជ្រ (Building F) ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច។

កម្មវិធីរ៉ូបូតទិចកម្ពុជា ២០២៣ ខាងលើនេះ គឺជាវេទិកាមួយដែលត្រូវបានរៀបចំឡើង សម្រាប់ការប្រកួតបង្ហាញពីជំនាញស្នាដៃ គម្រោង Robot របស់យុវជនកម្ពុជា ដែលចូលរួមប្រកួតទាំងក្នុង និងក្រៅប្រទេស។

លោក អ៊ុំ ចាន់ចំណាន នាយកនៃអង្គការពិព័រណ៍វិទ្យាសាស្ដ្រកម្ពុជា បានឲ្យដឹងថា ការរៀបចំកម្មវិធីរ៉ូបូតទិចកម្ពុជា ២០២៣នេះ ក្នុងគោលបំណង បម្រើឲ្យការរៀបចំការអភិវឌ្ឍន៍ នៃវិស័យអប់រំ STEM នៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមគ្នានេះ លោក អ៊ុំ ចាន់ចំណាន បានបញ្ជាក់ថា បើមើលទៅលើការអភិវឌ្ឍន៍ នៃប្រទេសនីមួយៗ គឺទាមទារឲ្យបង្កើតបាននូវសិស្ស ដែលមានស្នាដៃ ចំណេះដឹង និងចំណេះធ្វើគ្រប់គ្រាន់ ដើម្បីអាចយកទៅបង្កើតផលិតផលជាតិបាន។

លោក អ៊ុំ ចាន់ចំណាន បានលើកឡើងថា អង្គការពិព័រណ៍វិទ្យាសាស្ដ្រកម្ពុជា តែងតែរកគ្រប់វិធីសាស្ដ្រ ដើម្បីផ្ដល់ជាឱកាស ក៏ដូចជាវេទិកាជូនដល់សិស្សានុសិស្ស អាចរៀនវិទ្យាសាស្ដ្រ STEM ឬក៏ចំណេះដឹង STEM ហើយយកមកប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ។

សូមជម្រាបថា អង្គការពិព័រណ៍វិទ្យាសាស្ដ្រកម្ពុជា កំពុងបន្ដបេសកម្មលើកកម្ពស់រ៉ូបូតទិច ដែលជាផ្នែកមួយនៃការអប់រំស្ទែម ព្រមទាំងកៀរគរ និងប្រមូលផ្ដុំយុវជនឆ្នើមរបស់កម្ពុជា នៅក្នុងវិស័យនេះ ឲ្យអភិវឌ្ឍន៍ភាពច្នៃប្រឌិត និងបំណិនដោះស្រាយបញ្ហា តាមរយៈការប្រកួតប្រជែងរ៉ូបូទិច៕