(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន ២៩ រូប ដែលនឹងចេញទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅប្រទេសនូវែលសេឡង់។

បន្ថែមលើការអបអរសាទរចំពោះនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់នាឱកាសនោះ លោកអភិបាលរងបានជម្រាបជូនក្រុមនិស្សិតជ័យលាភី អំពីការងារអភិវឌ្ឍរបស់រាជធានីភ្នំពេញ តាមរយៈចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់ ដោយមានការរៀបចំឯកសារគោលសំខាន់ៗ រួមមាន៖ ប្លង់គោលប្រើប្រាស់ដីធ្លី ២០១៥-២០៣៥, ផែនការមេស្តីពីការលើកកម្ពស់ប្រព័ន្ធប្រឡាយ-លូ និងទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ឆ្នាំ២០១៦, ផែនការមេស្តីពីការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន ឆ្នាំ២០១៤ និងជាមូលដ្ឋានមួយយ៉ាងសំខាន់នៅក្នុងការរៀបចំផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតនិងមានចីរភាពរបស់រាជធានីភ្នំពេញឆ្នាំ២០២២-២០៣៥, ផែនការមេស្តីពីប្រព័ន្ធអនាម័យនៅរាជធានីភ្នំពេញ ក៏ដូចជាផែនការសកម្មភាពនិងយុទ្ធសាស្ត្រគ្រប់គ្រងសំណល់រឹងរបស់រាជធានីភ្នំពេញផងដែរ។

ជាមួយគ្នានេះ លោកអភិបាលរងក៏បានចែករំលែកបទពិសោធន៍ជាអតីតនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង កាលពីជាង២០ឆ្នាំមុន ព្រមទាំងឆ្លៀតផ្តាំផ្ញើ និងសំណូមពរដល់ក្រុមនិស្សិតជ័យលាភីធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា ដោយផ្សព្វផ្សាយអំពីការអភិវឌ្ឍរបស់ប្រទេសជាតិទៅដល់បរទេស ជាពិសេសថែរក្សាសុខភាពឱ្យបានល្អ និងខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹង យកមកចូលរួមអភិវឌ្ឍប្រទេសជាតិយើង នៅពេលត្រឡប់មកកាន់មាតុប្រទេសវិញ។

លោកបានបន្ថែមថា នៅក្នុងយុគសម័យសន្តិភាពក្រោមការបន្តដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការអភិវឌ្ឍធនធានមនុស្សត្រូវបានបន្តកំណត់ជាវិស័យអាទិភាពមួយ ហើយជាមួយគ្នានោះ ប្អូនៗនិស្សិតនឹងចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្ពុជា ឈានទៅសម្រេចបានឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

នៅក្នុងឱកាសនោះ លោកអភិបាលរងក៏បានពាំនាំថវិកាដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តាមរយៈលោកអភិបាលរាជធានីភ្នំពេញ ផ្ញើជូនដល់ក្រុមនិស្សិតជ័យលាភីដែលបានអញ្ជើញចូលរួមផងដែរ៕