(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជា ជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច តែមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍ប្រជាជាតិ ទៅតាមដំណាក់កាល និងយន្តការផ្សេងៗ ទាំងកម្រិតតំបន់ និងពិភពលោក ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ក្នុងឋានៈជាប្រទេសហត្ថលេខី ឬរដ្ឋភាគីនៃអនុសញ្ញា និងពិធីសារនានាពាក់ព័ន្ធទៅនឹងវិស័យបរិស្ថាន។

បើតាមលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជា បានចូលរួមជាមួយនឹងរដ្ឋភាគីនៃអនុសញ្ញាមានដូចជា៖ អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ, អនុសញ្ញាសហប្រជាជាតិស្ដីពីជីវៈចម្រុះ, អនុសញ្ញាវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន, អនុសញ្ញា ស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃ និងរុក្ខជាតិដែលកំពុងរងគ្រោះ និងជិតផុតពូជ, អនុសញ្ញារ៉ាមសារជាដើម។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា បើយើងក្រឡេកមកសិក្សាពីតំបន់អាស៊ានវិញ ប្រទេសជាសមាជិកអាស៊ានទាំងអស់ បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបរិស្ថានក្នុងតំបន់ ដែលតម្រូវឱ្យមានការចូលរួមដោះស្រាយរួមគ្នា ដោយបានបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីបរិស្ថាន ដែលបានកំណត់យកអាទិភាពដូចជា៖

*ការប្រែប្រួលអាកាសធាតុ ការបំពុលខ្យល់ ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានទឹក សារធាតុគីមី និងសំណល់ ការអប់រំបរិស្ថាន ការប្រើប្រាស់និងផលិតដោយនិរន្តភាព និរន្តរភាពបរិស្ថានទីក្រុង កិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន និងយន្តការផ្សេងៗទាក់ទងនឹងបរិស្ថាន។

*ចំពោះក្របខ័ណ្ឌមហាអនុតំបន់មេគង្គវិញ វិស័យបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានផ្តល់ជាអាទិភាព និងបានបញ្ចូលទៅក្នុងរាល់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមេគង្គដូចជា៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង, កិច្ចសហប្រតិបត្តិការមេគង្គ-អាមេរិក, កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា(ឥណ្ឌា), កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន, កិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ, មហាអនុតំបន់មេគង្គ (Greater Mekong Sub-region) និងមិត្តរបស់មេគង្គ (Friends of the Mekong)។

លោកបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការ បានផ្ដោតសំខាន់លើការ អភិវឌ្ឍដោយចីរភាព ដើម្បីឈានឆ្ពោះទៅទទួលបាននូវអព្យាក្រឹតកាបូន និងការលើកកម្ពស់ជីវភាព ប្រជាសហគមន៍ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការដាក់ចេញនូវ «យុទ្ធសាស្ត្រ អភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន» ដែលជាការប្ដេជ្ញាខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយនឹងពិភពលោកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជារក្សា និងបង្កើនភាពបៃតងភពដែនដីសម្រាប់អ្នកជំនាន់ក្រោយ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា បច្ចុប្បន្ន ពិភពលោកបាននឹងកំពុងយកចិត្តទុកដាក់លើការឆ្ពោះទៅសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលជារបៀបវារៈសម្រាប់ឆ្នាំ២០៣០ អនុម័តដោយប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ក្នុងឆ្នាំ២០១៥។ លោកសូមទាញចំណាប់អារម្មណ៍ថា នៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (CSDG 2016-2030) គឺមានគោលដៅចំនួន១៨ ក្នុងនោះគោលដៅចំនួន៧ ពាក់ព័ន្ធនឹងបរិស្ថាន និងមានភាពស៊ីសង្វាក់ជាមួយបេសកកម្មរបស់ក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

បន្ថែមពីនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានរំលឹកថា ស្របពេលជាមួយគ្នានេះផងដែរ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ក៏ត្រូវបានអនុម័តផងដែរ ក្នុងគោលបំណងពង្រឹងការឆ្លើយតបជាសកលទៅនឹងការគំរាមកំហែង នៃការប្រែប្រួលអាកាធាតុ ក្នុងបរិបទការអភិវឌ្ឍដោយចីរភាព និងការលុបបំបាត់ភាពក្រីក្រ។ តាមការព្យាករណ៍ របស់អ្នកវិទ្យាសាស្ត្រចុងក្រោយនេះ ពិភពលោកបានប្រឈមនឹងការកើនឡើងកម្ដៅផែនដី ២,៥ ទៅ ២,៩ អង្សាសែលស៊ុល ដែលនេះជាសញ្ញាទាមទារឱ្យមានការចូលរួមបន្ថែមពីប្រទេសទាំងអស់ ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើឱ្យអ្នកពាក់ព័ន្ធចូលរួមឱ្យសកម្មដើម្បីអាចទទួលបានធាតុចូលសំខាន់ៗ ព្រមទាំងរិះរកអភិក្រមសម្រាប់អនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ យុទ្ធសាស្ត្រចន្ទ្រាវិស័យបរិស្ថាន និងតាមការណែនាំរបស់ថ្នាក់ដឹកនាំ ស្របតាមបរិបទ សេដ្ឋកិច្ច សង្គម វប្បធម៌ និងគោលនយោបាយរបស់កម្ពុជា ក៏ដូចជានិន្នាការរួមរបស់ពិភពលោក ហើយបន្តឈានទៅសម្រេចបានសមិទ្ធផលថ្មីៗ បន្ថែមទៀតជូនជាតិមាតុភូមិ៕