(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក កាវ អ៉ីនឡុង (GAO Yunlong) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា ។

ក្នុងឱកាសនៃជំនួបនេះ លោក កាវ អ៉ីនឡុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ខណៈពេលដែលសម្តេច ទើបតែអញ្ជើញត្រឡប់មកពីដំណើរទស្សនកិច្ចនៅក្រៅប្រទេស។

លោក កាវ អ៉ីនឡុង បានជម្រាបជូន សម្តេចធិបតី អំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ និងបន្តពូនជ្រំឱ្យកាន់តែរឹងមាំស័ក្តិសមជាមិត្តដែកថែប រួមជាមួយនេះក៏បានធ្វើការប្តេជ្ញាចិត្ត ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស លើគម្រោងមួយចំនួន ដែលសមាជិកនៃគណៈប្រតិភូ មានបំណងវិនិយោគនៅកម្ពុជាលើវិស័យឧស្សាហកម្ម អប់រំ កសិកម្ម ជាដើម ឱ្យលេចចេញជាសកម្មភាពជាក់ស្តែងទ្បើង ដូចនឹងការព្រមព្រៀងគ្នារវាងសម្តេចធិបតី និងលោក ស៊ី ជីនពីង ក្នុងការកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ អបរំ និងកីទ្បាជាដើម។

លោកក៏បានធ្វើការកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានបង្ហាញនូវភាពជឿជាក់ និងសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ប្រទេសកម្ពុជានឹងកាន់តែរីកចចម្រើនរុងរឿង ហើយចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពរឹងមាំថែមទៀត ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបន្តពូនជ្រំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយពង្រឹង និងពង្រីកយន្តការទំនាក់ទំនងលើគ្រប់វិស័យ និងគ្រប់កម្រិត។

សម្តេចធិបតីបានរំឭកថា ឆ្នាំ២០២៣នេះ ជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំជាលំដាប់ សំដៅឆ្ពោះទៅសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី។

ទន្ទឹមនេះ សម្តេចធិបតី ក៏បានសម្តែងនូវការអរគុណ ចំពោះរដ្ឋសភា រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងកាលៈទេសៈនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងរំឭកអំពីការឯកភាពគ្នារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន ដោយលើកទឹកចិត្តឱ្យមានអ្នកទេសចរចិន មកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែមានចំនួនច្រើនបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្វាគមន៍ចំពោះគម្រោងនៃការវិនិយោគរបស់ក្រុមហ៊ុនចិន ដោយបានធ្វើការគូសបញ្ជាក់ថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនឱ្យកាន់តែខ្ពស់ទ្បើង ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនចិន ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ៕