(ព្រៃវែង)៖ លោក សោម សូរីដា សមាជិក គ.ជ.ប នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានជួបសំណេះសំណាល និងប្រគល់វិញ្ញាសារ និងកុំព្យូទ័រជូនគណៈកម្មការរៀបចំការប្រឡងខេត្តព្រៃវែង ដើម្បីរៀបចំការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ឱ្យបម្រើការងារនៅ  លគ.ខប ខេត្តព្រៃវែង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

នាឱកាសនោះដែរ លោក សោម សូរីដា បានផ្ដាំផ្ញើ និងធ្វើការណែនាំដល់​ គ.ខ.ប ខេត្តព្រៃវែង ទាំងអស់ យកចិត្តទុកដាក់ និងអនុវត្តតាមគោលការណ៍នៃសេចក្ដីណែនាំ និងនីតិវិធីនៃការប្រឡងដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងដំណើរការប្រឡងជ្រើសរើសមន្ត្រីឱ្យបម្រើ ការងារនៅ លគ.ខប ខេត្តព្រៃវែង ប្រពឹ្រត្តទៅដោយរលូន។

លោកក៏បានធ្វើការក្រើនរំលឹកដល់ គ.ខ.ប ព្រៃវែងដែរថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាពេលខាងមុខនេះ ពិតជាមានសារសំខាន់ណាស់ ហេតុនេះត្រូវយកចិត្តទុក ដាក់អនុវត្តការងារប្រឡងជ្រេីសរេីសនេះឱ្យបានលទ្ធផលល្អប្រសើរ សំដៅធានា ឱ្យការរៀបចំការបោះឆ្នោតប្រព្រឹត្តដោយសេរី​ ត្រឹមត្រូវ​ និងយុត្តិធម៌​ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុង
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបទទួលបាននូវការតែងតាំងថ្មី គ្មានជម្រើសអ្វីក្រៅពីបន្តបេសកកម្មរបស់ខ្លួនឱ្យបានល្អ រៀបចំការបោះឆ្នោតទៅតាមអាណត្តិឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបានពីម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដែលការនេះ ជាការប្តេជ្ញាចិត្ត និងជាជំហរឥតងាករេ ដើម្បីរួមចំណែកក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត នៅព្រះរាជាណាចក្រកម្ពុជា៕