(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្នើដល់លោក ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែក ប្រចាំនៅកម្ពុជា ជួយពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជា និងរដ្ឋសភាសាធារណរដ្ឋឆែក ឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយឡើង។

ជាមួយគ្នានេះ សម្តេចក៏បានស្នើដល់សាធារណរដ្ឋឆែក ពិនិត្យលទ្ធភាពលើកកម្ពស់ទំហំពាណិជ្ជកម្ម ទំនាក់ទំនងប្រជាជននិងប្រជាជនប្រទេសទាំងពីរឱ្យមានការរីកចម្រើនឡើងផងដែរ។

សំណើនេះ បានលើកឡើងនៅក្នុងឱកាសសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យលោក ម៉ាទីន វ៉ាវរ៉ា ចូលជួបសវនាការ និងសម្តែងការគួរសម នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាសាធារណរដ្ឋឆែក ជាមិត្តចាស់របស់កម្ពុជា គឺជាមិត្តល្អ ដែលបានជួយកម្ពុជា តាំងពីគ្រាដែលកម្ពុជាជួបការលំបាកនាដើមទសវត្សរ៍ឆ្នាំ៨០មកម្ល៉េះ។ សាធារណរដ្ឋឆែកបានជួយកម្ពុជាស្ទើគ្រប់វិស័យ ប៉ុន្តែទំនាក់ទំនងកិច្ចសហប្រតិបត្តិការខាងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនៅមានកម្រិត ដែលគួរពង្រឹងពង្រីកបន្ថែមទៀត នៅពេលនេះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរមិនត្រឹមនាំមកនូវផលប្រយោជន៍ សេចក្តីសុខ ការរីកចម្រើនសម្រាប់កម្ពុជា និងឆែកនោះទេ តែទំនាក់ទំនងល្អនេះ ជាពិសេសកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងរដ្ឋសភាកម្ពុជា និងឆែក នឹងរួមចំណែកដល់ការកសាងបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពដល់ពលរដ្ឋនៅក្នុងសកលលោក។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា​ ការពង្រឹងគោលការណ៍ពហុនិយមមានសារៈសំខាន់នៅក្នុងកាលៈទេសៈដែលពិភពលោកស្ថិតនៅក្នុងស្ថានភាពហានិភ័យខ្ពស់ដូចពេលបច្ចុប្បន្ននេះ។

លោក ម៉ាទីន វ៉ាវរ៉ា បានគាំទ្រការលើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់រដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលកំពុងធ្វើការយ៉ាងសកម្ម និងស្វាហាប់នៅក្នុងការដឹកនាំប្រទេសជាតិ។ ឯកអគ្គរដ្ឋទូត បានបង្ហាញនូវជំនឿចិត្តមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មី កម្ពុជានឹងទទួលបានការអភិវឌ្ឍកាន់តែឆាប់រហ័ស។

កន្លងមក សាធារណរដ្ឋឆែក បានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា លើវិស័យមួយចំនួន មានដូចជាការអប់រំ សុខាភិបាល និងការអភិវឌ្ឍនៅទីជនបទជាដើម។ លោក ម៉ាទីន វ៉ាវរ៉ា បានបញ្ជាក់ថាឆែកនៅតែបន្តជួយគាំទ្រ ដល់ការអភិវឌ្ឍនៅកម្ពុជាបន្តទៀត។

នៅក្នុងបេសកកម្មការទូតនៅកម្ពុជា លោក ម៉ាទីន វ៉ាវរ៉ា បានសន្យាថា​ នឹងខិតខំជំរុញលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយឡើងទាំងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

លោកបានគូសបញ្ជាក់ថា បច្ចុប្បន្នឆែកបានកំពុងពិនិត្យសិក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ពីលទ្ធភាពដល់ការជួយអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចម្រើន។

ឯកអគ្គរដ្ឋទូត បានគាំទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាពីការពង្រឹងពង្រីកទំនាក់ទំនងប្រជាជន និងប្រជាជន ថាពិតជាមានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់ផលប្រយោជន៍នៃប្រទេសទាំងសងខាង៕