(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) រួមដំណើរដោយថ្នាក់ដឹកនាំនៃ គ.ស.ម.ក. នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បានចុះទៅពន្ធនាគារខេត្តកណ្តាល ដើម្បីពិនិត្យពីស្ថានភាពនៃការឃុំឃាំង ការអនុវត្តសិទ្ធិមនុស្ស និងសួរសុខទុក្ខជនជាប់ឃុំ រួមទាំងលោក ខៀវ សំផន ផងដែរ។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃពន្ធនាគារខេត្តកណ្តាល ដែលបានបំពេញតួនាទីភារកិច្ចដោយការយកចិត្តទុកដាក់ខ្ពស់ ដែលបង្កឱ្យស្ថានភាពនៃការរស់នៅរបស់ជនជាប់ឃុំមានលក្ខណៈល្អប្រសើរ និងទទួលបាននូវសិទ្ធិតាមការកំណត់នៃច្បាប់ស្ដីពីពន្ធនាគារ។

ទន្ទឹមនេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារឱ្យយកចិត្តទុកដាក់បន្ថែមទៀត ជៀសវាងការប្រើអំពើហិង្សា និងការធ្វើទារុណកម្ម ជាពិសេសសូមប្រកាន់ខ្ជាប់ និងគោរពតាមបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា លោក ខៀវ សំផន បច្ចុប្បន្នស្ថិតនៅក្នុងវ័យចំណាស់ គឺជាអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាអតីតមេដឹកនាំខ្មែរក្រហមតែមួយគត់ដែលនៅមានជីវិតនៃសំណុំរឿង ០០២/០២ របស់សាលាក្តីខ្មែរក្រហម ហើយកំពុងតែអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងពន្ធនាគារខេត្តកណ្តាល។

លោក ខៀវ សំផន ត្រូវបានដាក់ឃុំនៅអគារ និងបន្ទប់ឃុំឃាំងដាច់ដោយឡែកពីជនជាប់ឃុំផ្សេងទៀត និងទទួលបានការមើលថែដោយយកចិត្តទុកដាក់ពីសំណាក់អ្នកមើលថែ គ្រូពេទ្យ និងមន្ត្រីពន្ធនាគារ ដោយមានសុខភាពធម្មតាតាមវ័យរបស់គាត់។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ដ្រីពន្ធនាគារទាំងអស់ ដែលតែងតែផ្ដល់ការសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានាពេល កន្លងមក ក្នុងការលើកកម្ពស់ ការការពារសិទ្ធិ និងសេរីភាពរបស់ជនជាប់ឃុំ។ ក្នុងនោះផងដែរគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បាននាំយកនូវអំណោយជាឱសថ និងអង្ករចំនួន២តោន​ សម្រាប់ប្រើប្រាស់ក្នុងពន្ធនាគារ៕