(កំពង់ឆ្នាំង)៖ ទីតាំងមេទឹកមួយកន្លែងស្ថិតនៅក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគីរី ដែលប្រជាពលរដ្ឋបានអះអាងថា ត្រូវបានអាជ្ញាធរលួចលក់ឲ្យឈ្មួញដើម្បីប្រមូលផលត្រីនៅរដូវសម្រក បច្ចុប្បន្នវិវាទខាងលើនេះ ត្រូវបានដោះស្រាយបញ្ចប់ផងដែរ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះធ្វើការសម្របសម្រួល ជាមួយអាជ្ញាធរស្រុកជលគីរី និងរដ្ឋបាលឃុំពាមឆ្កោក រួមនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ព្រមទាំងគណៈកម្មការសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ និងតំណាងប្រជាពលរដ្ឋរួចមក ក្រុមការងារនៃមន្ត្រីជំនាញរដ្ឋបាលជលផល បានធ្វើការប្រជុំ និងជម្រាបជូនដល់អាជ្ញាធរស្រុក និងរដ្ឋបាលឃុំពាមឆ្កោកឲ្យបញ្ឈប់សកម្មភាពទិញ-លក់ មេទឹកដែលមាននៅក្នុងឃុំពាមឆ្កោកខាងលើនេះ ចាប់ពីពេលនេះតទៅ។

លោកបានបញ្ជាក់ទៀតថា នៅក្នុងកិច្ចប្រជុំដោះស្រាយនេញផងដែរ ក្រុមការងារជំនាញរបស់លោក បានលើកឡើងផ្អែកតាមច្បាប់ស្ដីពីជលផល និងតាមអនុក្រឹត្យលេខ៨០ អនក្រ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៥ របស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់ គ្រងសហគមន៍នេសាទ ត្រង់ជំពូក៣ នៃមាត្រា១២ គឺពុំមានសិទ្ធិលក់ ដោះដូរ ជួល ធ្វើអំណោយ ប្រវាស់ បែងចែក ខ្ចី បញ្ចាំ ឬផ្ទេរកន្លែងសហគមន៍បានឡើយ។
អាជ្ញាធរឃុំពាមឆ្កោក ក៏បានឯកភាព និងទទួលយកនៅដំណោះស្រាយខាងលើនេះ នឹងបានធ្វើការផ្សព្វផ្សាយបន្តឲ្យបញ្ឈប់ការលក់ ដូរមេទឹក តាមគោលការណ៍របស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដោយទុកមេទឹកនេះ សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ធ្វើការនេសាទជាលក្ខណៈគ្រួសារ ដោយមិនអនុញ្ញាតឱ្យមានការលក់ដូរឱ្យឈ្មួញទៀតចាប់ពីពេលនេះតទៅ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងសហគមន៍អន្លុងមេត្រីសែនជ័យទាំងអស់សាទរយ៉ាងក្រៃលែង និងអរគុណដល់មន្ត្រីជំនាញរដ្ឋបាលជលផល រួមនិងអាជ្ញាធរស្រុកឃុំចំពោះដំណោះស្រាយប្រកប ដោយភាពត្រឹមត្រូវខាងលើនេះ ដែលបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មានសិទ្ធិគ្រប់គ្រង និងបានធ្វើការនេសាទនៅក្នុងទីតាំងមេទឹកខាង លើនេះឡើងវិញចាប់ពីពេលនេះតទៅ។

សូមរំលឹកថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានករណីទំនាស់រវាងប្រជាពលរដ្ឋក្នុងសហគមន៍អន្លង់មេត្រីសែនជ័យ ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ ជាមួយនិងអាជ្ញាធរមូលដ្ឋាន ដោយប្រជាពលរដ្ឋ បានអះអាងថា អាជ្ញាធរបានឃុបឃិតគ្នាលួចលក់មេទឹកមួយកន្លែងស្ថិតនៅក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជល់គីរី ទៅឱ្យឈ្មួញដើម្បីប្រមូលយកផលត្រីនៅរដូវសម្រកឃើញដូច្នេះពួក គាត់ក៏បានស្នើសុំឲ្យមន្ត្រីជំនាញ រដ្ឋបាលជលផល និងអាជ្ញាធរធ្វើការដោះស្រាយជូនពួកគាត់ឡើងវិញដោយពួកគាត់មិនព្រមឲ្យលក់មេទឹកនោះទៅឲ្យឈ្មួញនោះឡើយ។

ទុកមេទឹកសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ ធ្វើការមេសាទជាលក្ខណៈគ្រួសារវិញ បន្ទាប់ពីមន្ត្រីជំនាញចុះធ្វើការសម្របសម្រួលជាមួ យនឹងអាជ្ញាធរតាមសំណូមពររបស់ប្រជាពលរដ្ឋ មកដល់ពេលនេះការសម្របសម្រួល ត្រូវបានបញ្ចប់ ជាលទ្ធផលទាំងភាគីប្រជាពលរដ្ឋ និងអាជ្ញាធរបានព្រមព្រៀងគ្នា ដោយបញ្ឈប់ការលក់មេ ទឹកខាងលើនេះទៅឱ្យឈ្មួញជាបន្តទៀត ដោយទុកទីតាំងមេទឹកនេះសម្រាប់ឲ្យពលរដ្ឋក្នុងសហគមន៍ធ្វើការនេសាទ ជាលក្ខណៈគ្រួសារចាប់ពីពេលនេះតទៅ៕