(ភ្នំពេញ)៖ រដ្ឋបាល Digital របស់ក្រសួងបរិស្ថានបានផ្តើមដំណើរការសាកល្បងហើយ នៅក្នុងចំណោមថា្នក់ដឹកនាំរបស់ក្រសួង ដើម្បីជំរុញឱ្យប្រព័ន្ធការងាររដ្ឋបាលមានដំណើរការបានល្អ លឿនរហ័ស ចំណេញពេលវេលាជាងមុន និងទទួលបានព័ត៌មានជាក់លាក់អំពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ។

បើតាមលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសថា នៅក្នុងដំណាក់កាលទី១ នៃការដាក់ឱ្យប្រើសាកល្បងរដ្ឋបាល Digital នេះ ក្រសួងទទួលបានភាពជោគជ័យឆ្លើយតបទៅនឹងដំណើរការការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ និងជាជំហានបន្ទាប់ក្រសួងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងចំណោមមន្រ្តីរាជការទាំងអស់ និងជាពិសេសមន្រ្តីឧទ្យានុរក្ស។

ការប្រកាសរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រី បានន្ថែមថា លើសពីនេះ ដើម្បីជំរុញឱ្យនាវាបរិស្ថានសម្រេចបានស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលទី១នេះ ក្រសួងបរិស្ថានមានយុទ្ធសាស្រ្តចក្រាដែលជាត្រីវិស័យចង្អុលផ្លូវ និងជួយឱ្យសុក្រឹតកម្មបរិស្ថានកិច្ចសម្រេចបានតាមរយៈបន្ទះកងវិលផ្នែកខាងក្នុងចំនួន ៣គឺ គោលនយោបាយ រដ្ឋបាល និងផ្សព្វផ្សាយ ដែលកងវិលទាំងនេះរុញឱ្យមានចលនាទៅលើកង៣ នៅផ្នែកខាងក្រៅ គឺភាពស្អាត ភាពបៃតង និងចីរភាព ហើយមុំទាំង៣នេះ បានធ្វើឱ្យក្រសួងសម្រេចបាននូវលទ្ធផលជាច្រើនដែលក្នុងនោះមានការគាំទ្រ និងប្តេជ្ញាចិត្តពីប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៣លាននាក់ នឹងបានបន្តឥតដាច់នូវចរន្តនៃការគាំទ្រហើយកាន់តែធំឡើងៗជាលំដាប់ និងល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ដោយឡែកក្នុងរយៈពេលជាង ១០០ថ្ងៃ នៃរាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេចបាននូវសមិទ្ធផលជាច្រើន និងធ្វើដណើរឆ្ពោះទៅ សុក្រឹតកម្មបរិស្ថានកិច្ច ឈរលើមូលដ្ឋានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយមាន គោលនយោបាយ យុទ្ធសាស្រ្ត និង ការផ្សព្វផ្សាយ ជាស្នូល ឆ្ពោះទៅរកភាពស្អាត បៃតង និងចីរភាព។

លោកបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ដែលផ្តោតលើមូលដ្ឋាន «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីកំណើន និងលើលកម្ពស់ផលិតភាពសេដ្ឋកិច្ច ក៏ដូចជាសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងការឆ្លើយតបទៅ បដិវដ្តន៍ឧស្សាហកម្មទី៤ និងការកសាងភាពធន់ទៅនឹងវិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថ វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្ស និងសង្គម វិស័យបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះដែរ យុទ្ធសាស្រ្តនេះបានកំណត់ ការពង្រឹងគ្រប់គ្រងធម្មជាតិ និងបរិស្ថានជាការងារអាទិភាពមួយ និងបានដាក់ចេញនូវក្របខណ្ឌក្រសួងបរិស្ថានដូចជា៖ ការកាត់បន្ថយការបំពុលបរិស្ថាន ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការអប់រំផ្សព្វផ្សាយ ការប្រែប្រួលអាកាសធាតុ ការធ្វើទំនើបកម្មរដ្ឋបាលឌីជីថល និរន្តភាពហិរញ្ញវត្ថុ និងការលើកម្ពស់ការទូតបៃតង៕