(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងលោក KARUBE Masakazu ប្រធានអង្គការ JMAS ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ លើគម្រោងគាំទ្រការបោសសម្អាតមីន និងអភិវឌ្ឍន៍តំបន់បោសម្អាតមីនរួច ស្ថិតក្នុងស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ និងគម្រោងគាំទ្រការបោសសម្អាតតំបន់គ្រាប់បែកចង្កោម ក្នុងខេត្តស្ទឹងត្រែង។ ការចុះហត្ថលេខានេះធ្វើឡើង នាថ្ងៃពុធទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការ CMAC ភ្នំពេញ។

គម្រោងទាំង២​ ជាការផ្តល់ជំនួយឥតសំណង មានថវិកាសរុបចំនួន ៤៩៩,១៣៥.១០ដុល្លារអាមេរិក សម្រាប់រយៈពេល១២ខែ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ នេះជាឆ្នាំទី៣នៃការអនុវត្តគម្រោងនេះ ដែលមានផែនការបោសសម្អាតផ្ទៃដីចម្ការមីន/គ្រាប់ ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង សរុបចំនួន ៦៣០ហិកតា។

សូមបញ្ជាក់ថា ជាលទ្ធផលក្នុងការអនុវត្តគម្រោងខាងលើសម្រាប់ឆ្នាំទី១ និងឆ្នាំទី២កន្លងទៅនេះ អង្គភាព CMAC សម្រេចបានរំដោះផ្ទៃដីចម្ការមីន/គ្រាប់សរុបចំនួន ១,១៨៥ហិកតា​ រុករកឃើញ និងកម្ទេចចោល១,៦៧១គ្រាប់។ ប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងដោយប្រយោល ពីការអនុវត្តគម្រោងនេះមានចំនួន ៦៤,០១៩នាក់៕