(ភ្នំពេញ)៖ លទ្ធផលនៃការវាយតម្លៃលើការអនុវត្តកម្មវិធីអន្តរាគមន៍ជំនួយសង្គមចំនួន២ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងទទួលផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយបច្ច័យអវិជ្ជមាន មកលើគ្រួសារងាយរងហានិភ័យ និងទប់ស្កាត់ការធ្លាក់ចុះកាន់តែខ្លាំងចូលទៅក្នុងភាពក្រីក្រ ដោយប្រជាពលរដ្ឋរងហានិភ័យ បានប្រើប្រាស់ថវិកាទាំងនោះចំគោលដៅ ទៅលើការចំណាយចាំបាច់ប្រចាំថ្ងៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ។
កន្លងមកក្នុងគ្រាដែលពិភពលោក បានរងគ្រោះដោយការរីករាលដាលនៃជំងឺកូវីដ-១៩ និងការជះឥទ្ធិពលអវិជ្ជមានពីជម្លោះរវាង រុស្សី និង អ៊ុយក្រែន កាលពីដើមឆ្នាំ២០២២ ដែលបណ្តាលឱ្យមានការកើនឡើងខ្ពស់នៃថ្លៃទំនិញជាសកល ក៏ដូចជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ នូវអន្តរាគមន៍ជំនួយសង្គមជាបន្ទាន់មួយចំនួន ដើម្បីជួយស្រូបយកសម្ពាធពីការកើនឡើងនៃអតិផរណា និងកាត់បន្ថយភាពងាយរងគ្រោះ ផ្នែកសេដ្ឋកិច្ច របស់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។
អន្តរាគមន៍ទាំងនោះ រួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានដាក់ឱ្យអនុវត្តកាលពីខែមិថុនា ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ដោយបានគ្របដណ្តប់ពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ ឬស្មើនឹង ២,៨ លាននាក់ ជាមួយនឹងការប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ៤ ៩៧៥ ០២៥ ៣៩៥ ០០០ រៀល ឬស្មើនឹង ១ ២៤៣,៧៥ លានដុល្លារ, និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងគ្រោះទឹកជំនន់ ដោយគ្របដណ្ដប់គ្រួសារងាយរងហានិភ័យ ចំនួនប្រមាណ ៥០ម៉ឺនគ្រួសារ ស្មើនឹងប្រមាណ ១,៨ លាននាក់ ដែលត្រូវបានរាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ២០២២ និងបានបិទបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយបានចំណាយថវិកាជាតិសរុបចំនួន ២២២ ៧៥១ ៩២៤ ០០០ រៀល ឬស្មើនឹងប្រមាណ ៥៥,៧ លានដុល្លារ។
បន្ទាប់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងគ្រោះទឹកជំនន់បានបិទបញ្ចប់, ក្រុមប្រឹក្សាជាតិគាំពារសង្គម និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានសិក្សាវាយតម្លៃរួមគ្នា ដោយរកឃើញថាអន្តរាគមន៍ជំនួយសង្គមពិសេសទាំង ២នេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយបច្ច័យអវិជ្ជមានមកលើគ្រួសារងាយរងហានិភ័យ។
ជាក់ស្តែង គ្រួសារគោលដៅទទួលផលប្រមាណជាង ៩៧% ពេញចិត្ត និងគាំទ្រការអន្តរាគមន៍ជាការឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាល ដោយអ្នកទទួលផលយកទៅប្រើប្រាស់ទៅលើមុខចំណាយចាំបាច់ដូចការរំពឹងទុក ជាពិសេសចំណាយលើ ម្ហូបអាហារ, សេវាសុខាភិបាល និងឱសថ, ការសិក្សារបស់កូន, ថ្លៃសេវាទឹក-ភ្លើង, ជួលផ្ទះ, និងចំណាយចំាបាច់ផ្សេងៗ។
លទ្ធផលដដែលនេះ បានបង្ហាញថាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំង២ បានទប់ស្កាត់ពីការធ្លាក់ចុះខ្លាំងនៃស្ថានភាពជីវភាពរបស់គ្រួសារគោលដៅ ដូចមានបង្ហាញក្នុងសូចនាករសង្គម-សេដ្ឋកិច្ចសំខាន់ៗ ខាងក្រោម៖
* បានកាត់បន្ថយការកើនឡើងនៃអត្រាអសន្តិសុខស្បៀងក្នុងគ្រួសារ ចំនួន ១៣%,
* បានកាត់បន្ថយការកើនឡើងនៃអត្រាគ្រួសារមិនមានប្រាក់សន្សំ ចំនួន ៧,៥%,
* បានកាត់បន្ថយការកើនឡើងនៃអត្រាគ្រួសារយឺតយ៉ាវក្នុងការសង់ប្រាក់ធនាគារ ចំនួន ២,៤%,
* ចំនួនគ្រួសារគោលដៅដែលគ្មានលទ្ធភាពបង់ថ្លៃសេវាទឹក-ភ្លើង និងថ្លៃជួលផ្ទះ ទាបជាងក្រុមគ្រួសារដែលមិនទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ១៣%,
* ចំនួនគ្រួសារគោលដៅដែលគ្មានលទ្ធភាពបង់ថ្លៃសេវាសុខាភិបាល ទាបជាង ចំនួន ២៧%។
លទ្ធផលនៃការវាយតម្លៃនេះ ក៏បានបង្ហាញផងដែរថា ស្ទើរតែ ១០០% នៃគ្រួសារពលរដ្ឋគោលដៅ ជាពិសេសគ្រួសារងាយរងហានិភ័យ ដែលទទួលបានសាច់ប្រាក់ឧបត្ថម្ភ មានទស្សនៈវិជ្ជមានមកលើរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលជាការរួមចំណែកបង្កើន និងពង្រឹងសតិអារម្មណ៍របស់ពលរដ្ឋ មកលើរាជរដ្ឋាភិបាលបន្ថែមទៀត។
ជាមួយនឹងលទ្ធផល និងបច្ច័យវិជ្ជាមានទាំងនេះ បញ្ហាប្រឈមមួយចំនួនក៏ត្រូវបានរំលេចផងដែរ ដូចជាការយល់ដឹងនៅមានកម្រិត របស់គ្រួសារងាយរងហានិភ័យអំពីការកំណត់អត្តសញ្ញាណ និងគ្រួសារគោលដៅមួយចំនួនតូច បានជួបបញ្ហានៅពេលបើកប្រាក់ឧបត្ថម្ភ ដោយសារបញ្ជរធនាគារវីងនៅឆ្ងាយពីលំនៅដ្ឋានរបស់ពួកគាត់។
ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ និងប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមាន អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន បាន និងកំពុងគិតគូរដោះស្រាយជាបន្តបន្ទាប់ និងជាប្រព័ន្ធ ស្របតាមវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម៕