(ព្រះសីហនុ)៖ គណៈប្រតិភូអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោក សាន វិសាល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ សមាជិកគណៈកម្មាធិការលទ្ធកម្ម (គល) នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសាងសង់ផ្លូវថ្មីចំនួន១ខ្សែ ប្រវែងសរុប៣,២០០ម៉ែត្រ និងលូប្រអប់មុខពីរកាត់ផ្លូវ ចំនួន ២កន្លែង និងលូមូល មុខបី ចំនួន ១កន្លែង និងលូមូលមុខមួយ ចំនួន ៣កន្លែង ស្ថិតនៅ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី ឆាយ ឬទ្ធិសែន បានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងពង្រីកហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីតភ្ជាប់ទៅទីប្រជុំ។ ដោយមើលឃើញថា ផ្លូវជនបទ គឺជាសរសៃឈាមសេដ្ឋកិច្ចសំខាន់ជួយសម្រួលការធ្វើចរាចរណ៍ ដឹកទំនិញកសិផលពីតំបន់មួយ ទៅតំបន់មួយ ហើយចំណុចមួយទៀត ផ្តោតលើគុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ឲ្យកាន់តែប្រសើរឡើងថែមទៀត ហើយសោភ័ណភាពតាមដងផ្លូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។

ជាក់ស្តែងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពី លោករដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិអន្តរក្រសួង នៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់ ទទួល១០០% លើការសាងសង់ផ្លូវថ្មី ចំនួន១ខ្សែ ប្រវែងសរុប ៣,២០០ម៉ែត្រ ដែលទទឹងខ្នងលើ ៨ម៉ែត្រ លូប្រអប់មុខពីរ ចំនួន ២កន្លែង លូមូលមុខបី ចំនួន ១កន្លែង លូមូលមុខមួយ ចំនួន ៣កន្លែង។

បន្ទាប់ពីបានចុះត្រួតពិនិត្យជាក់ស្តែង លោក សាន វិសាល បានសម្តែងការកោតសរសើរដល់ក្រុមការងារអនុវត្តគម្រោងផ្លូវនេះ ក្នុងបំពេញកិច្ចការងារបានល្អ ហើយគណៈកម្មការបានឯកភាពទទួលយក១០០% ចំពោះលទ្ធផលសាងសង់ផ្លូវថ្មី១ខ្សែនេះ ហើយបានថ្លែងអំណរគុណដល់ នាយកដ្ឋានផ្លូវលំជនបទ ដែលអនុវត្តន៍គម្រោងនេះ។

ឆ្លៀតក្នុងឱកាសនោះ លោកបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ចូលរួមថែរក្សាផ្លូវទាំងនោះឲ្យបានល្អ និងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីរក្សាគុណភាពផ្លូវឲ្យជាប់បានយូរងាយស្រួលក្នុងការធ្វើដំណើរ ពិសេសពលរដ្ឋត្រូវចាត់ទុកផ្លូវទាំងអស់ នៅក្នុងមូលដ្ឋានជាផ្លូវរបស់ខ្លួន៕