(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ «កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្នុងគោលបំណងបន្តអនុវត្តដំណាក់កាលទី៣ នៃកម្មវិធីរយៈពេលវែង និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមាន លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោក អ៊ុង លុយណា អគ្គលេខាធិការរងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាទីស្ដីការក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ដោយផ្តោតទៅលើប្រធានបទសំខាន់ៗ រួមមាន៖ ទី១.សាវតា វឌ្ឍនភាព ចក្ខុវិស័យ និងយុទ្ធសាស្ត្រនៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ទី២.ផ្សព្វផ្សាយសារាចរណែនាំស្តីពី វិធាន និងនីតិវិធីនៃការអនុវត្តការត្រួតពិនិត្យតាមដាន និងការវាយតម្លៃលើការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ, ទី៣.វិធីសាស្ត្រថ្លឹងថ្លែង និងដាក់ពិន្ទុលើផែនការសកម្មភាពកំណែទម្រង់, ទី៤.សាវតា ផែនការសកម្មភាពរួម ដំណាក់កាលទី៣ និងការអនុវត្តថវិកាកម្មវិធីរបស់ក្រសួងទេសចរណ៍។
ក្នុងឱកាសនេះដែរ លោក ជា បូរ៉ា បានឱ្យដឹងថា កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរយៈពេលវែង និងគ្រប់ជ្រុងជ្រោយ មាន៤ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ភាពជឿទុកចិត្តបាននៃថវិកា ត្រូវបានអនុវត្តចាប់ពីឆ្នាំ២០០៥-២០០៨, ដំណាក់កាលទី២ គណនីភាពហិរញ្ញវត្ថុ ត្រូវបានអនុវត្តចាប់ពីឆ្នាំ២០០៩-២០១៥, ដំណាក់កាលទី៣ ការផ្សាភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ដែលបាននិងកំពុងអនុវត្តចាប់ពីឆ្នាំ២០១៦នេះ រហូតដល់ឆ្នាំ២០២០, និងដំណាក់កាលទី៤ គណនីភាពចំពោះសមិទ្ធកម្ម គ្រោងនឹងអនុវត្តចាប់ពីឆ្នាំ២០២១-២០២៥។
លោក ជា បូរ៉ា បានបន្ថែមថា ក្នុងដំណាក់កាលទី៣នេះ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំង៤០របស់រាជរដ្ឋាភិបាល បានផ្ដោតការផ្លាស់ប្ដូរជាបណ្ដើរៗ ពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុចាស់ទៅជាប្រព័ន្ធគ្រប់គ្រងថ្មី តាមរយៈការអនុវត្តថវិកាកម្មវិធី។ កម្មវិធីនេះ ក៏ត្រូវបានផ្សព្វផ្សាយដោយអគ្គនាយកដ្ឋាននៃគណៈកម្មការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទៅដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមកពីក្រសួង ស្ថាប័ននានាផងដែរ៕